កម្លាំងជំនាញ នគរបាលខេត្តត្បូងឃ្មុំ ចុះបង្ក្រាបទីតាំងលក់ម៉ូតូ YAMAHA PG-1 ខុសច្បាប់ ៥កន្លែង ដកហូតបាន ៩គ្រឿង
ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាប និងដកហូតម៉ូតូម៉ាក YAMAHA PG-1 ដែលដាក់តាំងលក់ ដោយខុសច្បាប់បានសរុបចំនួន ០៩គ្រឿង ពីទីតាំងអាជីវកម្មចំនួន ០៥កន្លែង ស្ថិតក្នុងក្រុងសួង និងស្រុកមេមត់ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការ សម្របសម្រួលនីតិវិធីពី លោក កែវ ភក្តី និង លោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងនោះ កម្លាំងសមត្ថកិច្ច បានចុះត្រួតពិនិត្យ និងដកហូតម៉ូតូ YAMAHA PG-1 ខុសច្បាប់ពីទីតាំងក្នុងក្រុងសួង ចំនួន ០២កន្លែង និងស្រុកមេមត់ចំនួន ០៣កន្លែង រួចដឹកជញ្ជូនយកទៅរក្សាទុក ជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះម្ចាស់ទីតាំងពាក់ព័ន្ធ ។

សមត្ថកិច្ចបានឱ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើង បន្ទាប់ពីទទួលបានបណ្តឹងផ្លូវការពី ក្រុមហ៊ុន ខេ អេស ជី អាយ (ខេមបូឌា) ឯ.ក (KSGI Cambodia Co., Ltd.) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនៅកម្ពុជាលើម៉ូតូម៉ាក YAMAHA ពីក្រុមហ៊ុន YAMAHA HATSUDOKI KAISHA នៃប្រទេសជប៉ុន និងបានចុះបញ្ជីសិទ្ធិផ្តាច់មុខត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ។ វិធានការនេះមានគោលបំណងពង្រឹង ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា លុបបំបាត់អំពើគេចពន្ធ ដែលធ្វើឱ្យខាតបង់ថវិការដ្ឋ និង ការពារផលប្រយោជន៍ ក៏ដូចជាសុវត្ថិភាព របស់អ្នកប្រើប្រាស់ពីការ ទិញផលិតផលគ្មានការធានាគុណភាព ។

ជាមួយគ្នានេះ ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ក៏បានចេញការព្រមានជាថ្មីដល់អាជីវករទាំងអស់ឱ្យបញ្ឈប់សកម្មភាពដាក់តាំងលក់ ឬផ្សព្វផ្សាយម៉ូតូ នាំចូលខុសច្បាប់ជាបន្ទាន់ ដោយសមត្ថកិច្ចនឹងបន្តស្រាវជ្រាវ បង្ក្រាប និងដកហូតបន្ថែមទៀតដោយគ្មានការលើកលែងឡើយ៕
ដោយ:គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល






