Feature

លោក ឌិត ទីណា ចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកជំនួយបឋមចែក ជូនពលរដ្ឋរងគ្រោះ តាមទីទួលសុវត្ថិភាព ទាំង៤នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ លោក ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងចែកស្បៀងបឋមដល់ប្រជាពលរដ្ឋរងគ្រោះ នៅទីទួលសុវត្ថិភាពទាំង៤ ក្នុងក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីធានាសុវត្ថិភាព និងការសង្គ្រោះទាន់ពេលវេលា។

ការចុះអន្តរាគមន៍នេះ គឺកើតចេញពីការសហការគ្នា យ៉ាងសកម្មរវាងក្រុមការងារថ្នាក់មូលដ្ឋាន និងអាជ្ញាធរខេត្តបន្ទាយមានជ័យ។ ក្រុមការងារបានចុះផ្ទាល់ដល់ទីតាំង ដើម្បីធានាថា ស្បៀងអាហារ និងជំនួយចាំបាច់នានា ត្រូវបានយកទៅចែកចាយដល់ដៃពុកម៉ែបងប្អូន ដែលកំពុងជួបការលំបាកបណ្តោះអាសន្ន។

ក្នុងឱកាសចុះសំណេះសំណាលនោះ លោក ឌិត ទីណា បានគូសបញ្ជាក់ថា សុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងបំផុតដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ដោះស្រាយឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាពឱ្យបានល្អ ដោយបញ្ជាក់ថា អាជ្ញាធរនឹងបន្តឈរជើងរួមសុខទុក្ខ និងនៅក្បែរពុកម៉ែបងប្អូនជានិច្ច ដើម្បីឆ្លងផុតវិបត្តិទឹកជំនន់នេះជាមួយគ្នា៕

អត្ថបទ: ប៊ុន សំណាង/Dap News

To Top