កសិករនៅបន្ទាយមានជ័យ ប្រឈមនឹងការទម្លាក់ថ្លៃស្រូវ យ៉ាងគំហុកពីឈ្មួញ ក្នុងរដូវទឹកជំនន់
បន្ទាយមានជ័យ៖ ស្របពេលដំណាំស្រូវរងការលិចលង់ ដោយទឹកជំនន់ឆ្លងដែន ក្រុមឈ្មួញកណ្តាល បានឆ្លៀតឱកាសទម្លាក់តម្លៃស្រូវ សែនក្រអូបនៅឃុំគោកល័ង្គ ស្រុកមង្គលបូរី មកត្រឹម ៨៧ម៉ឺនរៀល ក្នុងមួយតោន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បើធៀបនឹងតម្លៃ ១.០៥០.០០០រៀល កាលពីថ្ងៃទី២១ និងទី២២ ខែកញ្ញាកន្លងទៅ ។

ទោះបីកសិករខិតខំបូមទឹកចេញដើម្បីរក្សាគុណភាពស្រូវយ៉ាងណាក៏ដោយ ក៏ឈ្មួញនៅតែផ្តល់តម្លៃ តាមអំពើចិត្តផ្ទុយពីតារាងតម្លៃស្តង់ដារ របស់មន្ទីរពាណិជ្ជកម្មខេត្ត ដែលកំណត់ស្រូវសែនក្រអូបតម្លៃ ១.០៥០.០០០រៀល និងស្រូវស្រង៉ែតម្លៃ ៩៩០.០០០រៀល ក្នុងមួយតោន។

កសិករបានស្នើឱ្យអាជ្ញាធរ និងមន្ទីរជំនាញចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹង ព្រមទាំងចេញសេចក្តីណែនាំបន្ទាន់ដើម្បីគ្រប់គ្រងតម្លៃទីផ្សារ ទប់ស្កាត់ការនាំចេញ និងផាកពិន័យចំពោះជនឆ្លៀតឱកាសកេងប្រវ័ញ្ចលើទុក្ខលំបាករបស់ពួកគាត់៕


អត្ថបទ:ប៊ុន សំណាង/Dap News
