Feature

លោក ហេង សុផល បន្តចុះពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ!

កំពង់ធំះ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងបន្តចុះសាកសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជាក់ស្តែងរបស់កងកម្លាំង នគរបាលដែលកំពុងបំពេញភារកិច្ច ស្ថិតនៅប៉ុស្តិ៍រដ្ឋបាលឈើទាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដាន់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច និងសហការគ្នាដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងយកចិត្តទុកដាក់កែលម្អ និងរៀបចំបរិស្ថាអង្គភាព ឱ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ។

លោកស្នងការបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដើម្បីឱ្យកងកម្លាំងយកទៅអនុវត្តបន្ត សំដៅធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

ក្នុងនោះ លោកស្នងការបានណែនាំឱ្យកងកម្លាំងបន្តពង្រឹង ការអនុវត្តបទវិន័យនគរបាលជាតិ និងរបៀបរបបការងារជំនាញ ឱ្យស្របតាមតួនាទី ភារកិច្ច និងឋានានុក្រម ព្រមទាំងរៀបចំផែនការ សកម្មភាពការងារប្រចាំថ្ងៃ និងការងារផ្លាស់ប្ដូរវេនប្រចាំការ រយៈពេល២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលមានហេតុការណ៍ចៃដន្យ គ្រោះថ្នាក់ ឬបញ្ហាបង្កឡើងដោយបាតុភូតធម្មជាតិ។

ជាមួយគ្នានេះ លោកស្នងការបានសង្កត់ធ្ងន់លើការបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដូចជា ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានរហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីសម្រួលដល់ការរស់នៅ និងការប្រើប្រាស់សេវារដ្ឋរបស់ប្រជាពលរដ្ឋ។

លោកបានណែនាំបន្ថែមឱ្យបន្តចុះធ្វើវិធានរដ្ឋបាលតាមខ្នងផ្ទះ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាពលរដ្ឋ ការចំណូល-ចំណាកស្រុក ការគ្រប់គ្រងមធ្យោបាយ អាវុធ និងសារធាតុផ្ទុះ មុខរបរពិសេស ព្រមទាំងពង្រឹងការគ្រប់គ្រងវត្តមានជនបរទេសដែលមកស្នាក់នៅក្នុងមូលដ្ឋាន។

ដោយឡែកចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានការខ្វះខាតកម្លាំង លោកស្នងការបានណែនាំឱ្យលោកអធិការនគរបាលស្រុក រៀបចំបញ្ចុះកម្លាំងទៅជួយបំពេញតាមតម្រូវការ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការងារបង្ការ និងទប់ស្កាត់បទល្មើស លោកស្នងការបានជំរុញឱ្យពង្រឹងការកំណត់ទីតាំងបទល្មើសលើផែនទីកញ្ចក់ ដោយប្រើប្រាស់ទិន្នន័យបទល្មើសដែលប្រមូលបាន ដើម្បីកំណត់បទល្មើសជាអាទិភាព និងរៀបចំផែនការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ កម្លាំងនគរបាលត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មេភូមិ និងប្រជាពលរដ្ឋ ដើម្បីរៀបចំវេទិកាសាធារណៈ និងផ្សព្វផ្សាយអំពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ព្រមទាំងវិធានការបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

លោកស្នងការបានបញ្ជាក់ថា ការពង្រឹងកិច្ចសហការរវាងនគរបាល និងសហគមន៍ ត្រូវធ្វើឡើងជាប្រចាំ តាមរយៈការចុះជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរៀងរាល់ខែ ដើម្បីស្វែងយល់ពីស្ថានភាពសន្តិសុខក្នុងមូលដ្ឋាន និងរួមគ្នារកវិធានការបង្ការ ទប់ស្កាត់បទល្មើស ធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរ ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់របង និងក្លោងទ្វារនៃអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ ដោយយកចិត្តទុកដាក់លើវឌ្ឍនភាពការងារ និងការអនុវត្តតាមផែនការសាងសង់ ដើម្បីធានាឱ្យសំណង់មានសោភ័ណភាព សណ្ដាប់ធ្នាប់ និងអាចប្រើប្រាស់បានយូរអង្វែង៕ដោយសំនៀង

To Top