លោក ឃួន ផុនរតនៈ ស្នើប្រធានក្រុមប្រឹក្សាក្រុងផ្យង់ថេក នាំក្រុមហ៊ុនកូរ៉េទៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគ
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានស្នើទៅប្រធានក្រុមប្រឹក្សាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូនៃសាធារណរដ្ឋកូរ៉េ ដឹកនាំក្រុមហ៊ុនកូរ៉េ ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើតឱកាសវិនិយោគរួមគ្នា រវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។

ក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Choi Jae-young ប្រធានក្រុមប្រឹក្សាក្រុងផ្យង់ថេក នៅទីស្នាក់ការក្រុមប្រឹក្សាក្រុងផ្យង់ថេក ខេត្តខ្យង់គី លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងទៅកាន់លោក Choi អំពីស្ថានភាពរស់នៅរបស់សហគមន៍ខ្មែរ ក្នុងតំបន់ផ្យង់ថេក។

លោកបន្តថា ឯកឧត្តមបានសម្លឹងឃើញពីល្បឿន នៃការអភិវឌ្ឍរបស់ក្រុងផ្យង់ថេក និងបំណងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យការងារ ពាណិជ្ជកម្ម និងអប់រំ រវាងស្ថាប័នរដ្ឋ និងឯកជននៃក្រុង-ខេត្តរបស់កម្ពុជា និងទីក្រុងផ្យង់ថេក។

ឯកអគ្គរាជទូតកម្ពុជា ក៏បានស្នើលោក Choi ពិនិត្យលទ្ធភាព ដឹកនាំក្រុមហ៊ុនកូរ៉េរបស់ក្រុងផ្យង់ថេក ទៅបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសណាមួយ ដើម្បីបង្កើតឱកាសឱ្យក្រុមហ៊ុននៃប្រទេសទាំងពីរចាប់ដៃគូអាជីវកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយគ្នា ។

ជាកិច្ចឆ្លើយតប លោក Choi បានលើកឡើងថា ប្រទេសកម្ពុជា-កូរ៉េ មានលក្ខណៈស្រដៀងគ្នា ដែលអាចបំពេញ តម្រូវការឱ្យគ្នាទៅវិញទៅមកបាន ។ ដោយលោកបញ្ជាក់ថា ទីក្រុងផ្យង់ថេក ជាទីក្រុងដែលមានសេដ្ឋកិច្ច ធ្លាប់ពឹងផ្អែកលើវិស័យកសិកម្ម ប៉ុន្តែឥឡូវទីក្រុងនេះ បានផ្លាស់ប្តូរ មកជាទីក្រុងឧស្សាហកម្មវិញ ដែលការណ៍នេះ បានធ្វើឱ្យសេដ្ឋកិច្ច នៃក្រុងផ្យង់ថេក មានការរីកចំរើន គួរឱ្យកត់សម្គាល់។

លោកបន្តថា ក្នុងអាណត្តិរបស់លោក លោកនឹងព្យាយាមជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងអប់រំ ដើម្បីបង្កើតបាននូវការអភិវឌ្ឍរួមរវាងប្រទេសទាំងពីរ៕




