Feature

ទឹកជំនន់នៅមង្គលបូរី ហក់ឡើងខ្លាំងលិចទួលសុវត្ថិភាព អាជ្ញាធរបើកប្រតិបត្តិការ សង្គ្រោះបន្ទាន់ ជម្លៀសពលរដ្ឋជាង ១០០គ្រួសារទៅទីតាំងថ្មី

បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះ ចុះអន្តរាគមន៍សង្គ្រោះបន្ទាន់ ដើម្បីជម្លៀសប្រជាពលរដ្ឋជាង ១០០គ្រួសារ ចេញពីទីទួលសុវត្ថិភាពព្រែកជីក ក្នុងស្រុកមង្គលបូរី បន្ទាប់ពីទីតាំងនោះត្រូវបានជំនន់ទឹកភ្លៀង និងជំនន់ហូរមកពីថៃហក់ឡើងលិចលង់យ៉ាងគំហុក ទៅកាន់ទីតាំងថ្មី។

លោក កែវ តារ៉ារស្មី អភិបាលស្រុកមង្គលបូរី និងលោក ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានបញ្ជាក់ថា ពលរដ្ឋមកពីភូមិបត់ត្រង់តូច និងភូមិព្រែកជីក ត្រូវបានកម្លាំងអន្តរាគមន៍ប្រើប្រាស់កាណូតស្មាច់ ៥គ្រឿង ដឹកឆ្លងកាត់ផ្លូវជាតិលេខ៥ រួចបន្តតាមរថយន្តទៅកាន់ទីទួលសុវត្ថិភាពថ្មីនៅ “ផ្សារចំការត្រដក” ប្រកបដោយសុវត្ថិភាព ព្រមទាំងទទួលបានការចុះសួរសុខទុក្ខ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ភ្លាមៗពីថ្នាក់ដឹកនាំខេត្តផងដែរ។

ប្រតិបត្តិការសង្គ្រោះបន្ទាន់នេះ ត្រូវបានធ្វើឡើងក្នុងបរិបទដែលស្ថានភាពទឹកជំនន់កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្រុក/ក្រុងចំនួន ៦ ក្នុងចំណោម ៩ នៃខេត្តបន្ទាយមានជ័យ រួមមាន ស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងស្រុកព្រះនេត្រព្រះ។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយរបស់រដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ពលរដ្ឋសរុប ៣,៥៦២គ្រួសារ (ស្មើនឹង ១៤,៥៣១នាក់) ក្នុងនោះពលរដ្ឋរងគ្រោះធ្ងន់ធ្ងរចំនួន ១,៦៦៣គ្រួសារ (ស្មើនឹង ៦,១៦៥នាក់) ត្រូវបានអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធអន្តរាគមន៍ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្តបន្ទាប់។

បន្ថែមលើផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គ្រោះធម្មជាតិមួយនេះបានបង្កការខូចខាតយ៉ាងដំណំដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដោយដំណាំស្រូវសរុបជាង ១៧,៥០០ហិកតា និងដំឡូងមី ៦៥ហិកតាត្រូវលិចលង់។ ជាមួយគ្នានេះ ជំនន់ទឹកភ្លៀងក៏បានបណ្តាលឱ្យសាលារៀន ១៥កន្លែង វត្តអារាម ៨កន្លែង មណ្ឌលសុខភាព ៣កន្លែង ព្រមទាំងផ្លូវថ្នល់ចំនួន ២៥៧ខ្សែ (ប្រវែងជាង ១៣០គីឡូម៉ែត្រ) ត្រូវបានទឹកហូរកាត់ និងច្រោះដាច់ ដែលទាមទារឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top