ឧបនាយករដ្ឋមន្រ្តី ស សុខា ផ្ដល់ជំនួយដល់រដ្ឋបាលខេត្ត និងជួបពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ដើម្បីផ្ដល់ជំនួយគាំទ្រជូនទាំងរដ្ឋបាលខេត្ត និងបន្តចុះទៅជួបពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មគោល នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

នៅសាលាខេត្តបាត់ដំបង លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានប្រគល់អង្ករ១០តោន មី៥០០កេស ត្រីខ៨០កេស ទឹកសុទ្ធ៣០០យួរ ទឹកត្រី២០០យួរ និងទឹកស៊ីអ៊ីវ២០០យួរ ជូនឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីត្រៀមផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋ ជួបការលំបាក ដោយសារគ្រោះជំនន់ទឹកភ្លៀង។ ជំនន់ទឹកភ្លៀង បានជន់ឡើងនាប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្ដាលឱ្យលិចមូលដ្ឋានប្រជាពលរដ្ឋ ជាច្រើនឃុំ សង្កាត់ ក្នុងខេត្តបាត់ដំបង រួមទាំងនៅតាមបណ្ដោយស្ទឹងសង្កែ។

ចេញពីពិធីប្រគល់ជំនួយគាំទ្រនៅសាលាខេត្ត លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានបន្តដំណើរឆ្ពោះទៅស្រុកថ្មគោល ដែលនៅទីនោះ មានតំណាងប្រជាពលរដ្ឋរងគ្រោះចំនួន៦០គ្រួសារ ត្រូវបានអាជ្ញាធរមូលដ្ឋានអញ្ជើញមកជួបជុំគ្នាដើម្បីទទួលជំនួយឧបត្ថម្ភ ពីប្រមុខក្រសួងមហាផ្ទៃ។ ជំនួយដែលត្រូវបានផ្ដល់ជូនពលរដ្ឋនាពេលនោះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងតង់ចំនួន១។
ការផ្ដល់ជំនួយគាំទ្រដល់រដ្ឋបាលខេត្ត និងជំនួយបន្ថែមជូនប្រជាពលរដ្ឋរងគ្រោះ មិនថាគ្រោះទឹកជំនន់ ឬមហន្តរាយធម្មជាតិផ្សេងៗ គឺជាវប្បធម៌ដែលថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់តែងបានប្រកាន់ខ្ជាប់ប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ និងការទទួលខុសត្រូវខ្ពស់។

វប្បធម៌នេះ បានប្រកាន់ខ្ជាប់ ចាប់តាំងពីរាជរដ្ឋាភិបាលនីតិកាលកន្លងទៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ៕
