លោកបណ្ឌិត លី ណារុន ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ÷ នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។

កិច្ចប្រជុំ ខាងលើមានការអញ្ជើញចូលរួមពី លោក សុង សុផល អនុរដ្ឋលេខាធិការ លោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងអង្គការដៃគូ សរុបចំនួន ៣៥នាក់ ស្រ្តី៨នាក់។
នារសៀលថ្ងៃដដែល លោកបណ្ឌិត លី ណារុន រដ្ឋលេខាធិការ រួមដំណេីរដោយលោក សុង សុផល អនុរដ្ឋលេខាធិការ និងលោកប្រធាន-អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះពិនិត្យទីតាំងគម្រោងចម្រោះទឹកស្អាត និងបណ្តាញចែកចាយទឹកជនបទ អនុវត្តន៍ដោយអង្គការអនាគតកុមារ ក្នុងភូមិព្រហស្ថក្បាល ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដែលកំពុងដំណើរការចែកចាយទឹកជូនបងប្អូនប្រជាពលរដ្ឋប្រមាណ១១៩គ្រួសារ ហើយបានបន្តដំណើរចុះពិនិត្យគម្រោងស្ពានបេតុងក្នុងស្រុកភ្នំក្រវាញ ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ និងបានគូសបញ្ជាក់ពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋនៅតាមជនបទ តាមរយៈការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់អនាម័យជនបទ និងការផ្តល់សេវាទឹកស្អាតឱ្យបានគ្រប់គ្រាន់ដល់គ្រប់ទីកន្លែង៕
ប្រភព÷ផេកផ្លូវការលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល







