Feature

ទឹកជំនន់វាយប្រហារ បន្ទាយមានជ័យ ៖ ពលរដ្ឋជាង ២,៥០០ គ្រួសារត្រូវបានជម្លៀស ខណៈផ្លូវថ្នល់ ៣៤៥ កន្លែងរងការលិចលង់ធ្ងន់ធ្ងរ

បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងយ៉ាងគំហុកបាន និងកំពុងវាយប្រហារ ខេត្តបន្ទាយមានជ័យយ៉ាងធ្ងន់ធ្ងរ ដោយបានបង្ខំឱ្យអាជ្ញាធរប្រញាប់ប្រញាល់ជម្លៀសប្រជាពលរដ្ឋ ២,៤៣៤ គ្រួសារទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្លូវថ្នល់ ៣៤៥ កន្លែង (ប្រវែង ១៨៧,៦៨៤ ម៉ែត្រ) និងដំណាំស្រូវជាង ១៨,០០០ ហិកតា រងការលិចលង់ធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះធម្មជាតិនេះបានប៉ះ ពាល់ដល់ក្រុង-ស្រុកចំនួន ៦ ដោយក្នុងនោះក្រុងប៉ោយប៉ែត រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ (ជម្លៀស ១,៥៥៣ គ្រួសារ) បន្ទាប់មកគឺស្រុកមង្គលបូរី (៤០៣ គ្រួសារ) ក្រុងសិរីសោភ័ណ (៣២៧ គ្រួសារ) និងស្រុកអូរជ្រៅ (១៥១ គ្រួសារ)។ បន្ថែមលើនេះ ជំនន់ទឹកភ្លៀងក៏បានធ្វើឱ្យខូចខាតស្រូវសរុប ៤៣០ ហិកតា (រួមទាំងស្រុកម៉ាឡៃ ២០៤ ហិកតា) ព្រមទាំងបំផ្លាញដំឡូងមី ៩៨ ហិកតា និងដំណាំរួមផ្សំផ្សេងៗនៅស្រុកភ្នំស្រុកផងដែរ។

ឆ្លើយតបនឹងស្ថានភាពអាសន្ននេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខពលរដ្ឋដល់ទីទួលសុវត្ថិភាពក្នុងក្រុងសិរីសោភ័ណដោយផ្ទាល់ កាលពីយប់មិញ។ លោកអភិបាលខេត្តបានបញ្ជាឱ្យអាជ្ញាធរ និងកងកម្លាំងប្រជាការពារ ត្រៀមប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីតាមដានសភាពការណ៍ទឹក សង្គ្រោះ និងដឹកជញ្ជូនស្បៀងអាហារជូនពលរដ្ឋឱ្យទាន់ពេលវេលា ខណៈកម្រិតទឹកនៅតែបន្តកើនឡើង។

អាជ្ញាធរខេត្ត និងក្រុមការងារ សង្គ្រោះបន្ទាន់ នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះបានកំពុងប្រញាប់ប្រញាល់ រៀបចំជម្រក ចែកចាយទឹកស្អាត ស្បៀងអាហារ និងបញ្ជូនក្រុមគ្រូពេទ្យចល័តចុះពិនិត្យសុខភាព ជូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានអំពាវនាវយ៉ាង ទទូចដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹង និងតំបន់ទាប ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពក្មេងតូចៗ សត្វអាសិរពិស និងជំងឺឆ្លងផ្សេងៗ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top