Feature

ពលរដ្ឋខ្មែរ មិនបានទៅរស់នៅលើទឹកដីថៃ ដូចការចោទប្រកាន់របស់ភាគីថៃទេ

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានបដិសេធចំពោះការចោទប្រកាន់ របស់ភាគីថៃថា ប្រជាពលរដ្ឋខ្មែរនៅតំបន់ភូមិជោគជ័យ និងព្រៃចាន់ ចូលទៅរស់នៅទឹកដីថៃ ។

ការលើកឡើងរបស់អ្នកនាំពាក្យរងនេះ បន្ទាប់ពីតំណាងថៃ ប្រចាំអង្គការសហប្រជាជាតិ ព្យាយាមចោទថា ប្រជាពលរដ្ឋកម្ពុជានៅតំបន់ភូមិជោគជ័យ និងព្រៃចាន់បានចូលរស់នៅលើទឹកដីថៃ ។

ចំពោះការចោទប្រកាន់នេះ អ្នកនាំពាក្យបញ្ជាក់ថា “យើងបដិសេធទាំងស្រុង​ និងទាត់ចោលការអះអាង របស់តំណាងថៃ ប្រចាំអង្គការសហប្រជាជាតិ ដែលព្យាយាមចោទថា ប្រជាពលរដ្ឋកម្ពុជានៅតំបន់ភូមិជោគជ័យ និងព្រៃចាន់បានចូលរស់នៅលើទឹកដីថៃ និងដែលអំពាវនាវឱ្យកម្ពុជា កុំយកបញ្ហាព្រំដែនទៅលើកឡើងនៅវេទិកាអន្តរជាតិ”។

អ្នកនាំពាក្យរងបន្តថា ការអះអាងម្តងហើយម្តងទៀត របស់ភាគីថៃ មិនអាចប្រែក្លាយការអះអាងឯកតោភាគី ឱ្យក្លាយជាការពិតផ្លូវច្បាប់បានទេ ។ ខ្សែព្រំដែនអន្តរជាតិ មិនត្រូវបានកំណត់ដោយសេចក្តីថ្លែងការណ៍ ផែនទីឯកតោភាគី វត្តមានកងកម្លាំង ការដាក់ទូកុងតឺន័របិទផ្លូវ លួសបន្លា ឬស្ថានភាពដែលភាគីថៃបានបង្កើតឡើងនៅលើដីនោះឡើយ។ សូម្បីតែឯកសារផ្លូវការ របស់ក្រសួង ការបរទេសថៃ ក៏ទទួលស្គាល់ថា ព្រំដែនកម្ពុជា-ថៃ មានមូលដ្ឋានពីអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីពាក់ព័ន្ធ ខណៈ MOU ឆ្នាំ២០០០ កំណត់ឱ្យការវាស់វែង និងខណ្ឌសីមាព្រំដែនត្រូវធ្វើរួមគ្នា តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោល (JBC)។

លោកបណ្ឌិតសង្កត់ធ្ងន់ថា ហេតុដូច្នេះ បើភាគីថៃ ជឿជាក់ថា តំបន់ដែលខ្លួនកំពុងអះអាងជាទឹកដី របស់ខ្លួននោះ មានមូលដ្ឋាន គតិយុត្តច្បាស់លាស់ សូមយកផែនទី កូអរដោនេ និងឯកសារគតិយុត្តមកផ្ទៀងផ្ទាត់ ជាមួយកម្ពុជាតាមយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងរួចហើយ។ ការប្រើកងកម្លាំង ការដាក់លួសបន្លា ទូកុងតឺន័រ ការជីកលេណដ្ឋាន ឬការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី មិនអាចបង្កើតខ្សែព្រំដែន ឬសិទ្ធិអធិបតេយ្យស្របច្បាប់បានឡើយ៕

To Top