អាជ្ញាធរស្រុកព្រះនេត្រព្រះ ប្រជុំដោះស្រាយបញ្ហាប្រឈម និងដាក់ចេញផែនការ ពន្លឿនការផ្តល់សេវាជូនពលរដ្ឋ
បន្ទាយមានជ័យ៖ អាជ្ញាធរស្រុកព្រះនេត្រព្រះ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២៨ ដើម្បីត្រួតពិនិត្យមើលលទ្ធផល ការងារប្រចាំថ្ងៃ និងដោះស្រាយបញ្ហាក្តៅៗ ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ នៅតាមមូលដ្ឋាន ។ កិច្ចប្រជុំដែលដឹកនាំដោយលោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហឿន វីរៈ អភិបាលស្រុក បានប្រមូលផ្ដុំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ រហូតដល់មេឃុំគ្រប់ឃុំ មកអង្គុយជជែកគ្នារករឿងពិត ។

ជំនួបនេះមិនមែនគ្រាន់តែជួបគ្នា តាមទម្លាប់នោះទេ គឺផ្តោតលើការដេញដោលមើលថា តើការងាររដ្ឋបាល និងការបម្រើសេវាជូនអ្នកស្រុកកន្លងមក មានចន្លោះប្រហោងត្រង់ណាខ្លះ ។ ថ្នាក់ដឹកនាំស្រុកបានតម្រូវឱ្យមន្ត្រីជំនាញ និងអាជ្ញាធរឃុំ បង្ហាញពីបញ្ហាតម្រូវការ ជាក់ស្តែងរបស់ពលរដ្ឋ ដើម្បីរួមគ្នារកដំណោះស្រាយឱ្យចំគោលដៅ មិនឱ្យនៅស្ទះ ឬពន្យារពេលនោះឡើយ។

ជាលទ្ធផល ជជែកគ្នាចប់ អាជ្ញាធរស្រុកបានព្រមព្រៀង ដាក់ចេញនូវផែនការសកម្មភាពថ្មីភ្លាមៗ សម្រាប់យកទៅអនុវត្តបន្ត ។ ការប្តេជ្ញាចិត្តលើកនេះ គឺធ្វើឱ្យការរត់ឯកសារ និងការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាជន កាន់តែលឿន មានតម្លាភាព ហើយគ្មានការរំខាន ឬធ្វើបាបពលរដ្ឋនោះឡើយ ៕







អត្ថបទ: ប៊ុន សំណាង/DapNews
