ស្នងការខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារ ជូនកងកម្លាំងការពារព្រំដែនជួរមុខ ខណៈទឹកជំនន់កំពុងជន់លិច
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ទៅចែកជូនកងកម្លាំង នគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងបំពេញ បេសកកម្មយ៉ាងសកម្ម តាមភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ក្នុងស្ថានភាព ដែលទឹកជំនន់កំពុងជន់លិចយ៉ាងធ្ងន់ធ្ងរ។

បេសកកម្មចុះជួបដល់ទីតាំងនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងស្មារតីរបស់មន្ត្រីជួរមុខ ដែលមិនត្រឹមតែឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងអន្តរាគមន៍ស្នូលក្នុងការសហការជាមួយអាជ្ញាធរដែនដី ដើម្បីចុះជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋឱ្យផុត ពីគ្រោះមហន្តរាយផ្សេងៗ ជាពិសេសជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន។

លោកស្នងការបានបញ្ជាក់ថា អំណោយស្បៀងទាំងនេះជាទឹកចិត្តស្មោះស្ម័គ្រ និងជាស្មារតីរួមសុខទុក្ខចេញពីជួរក្រោយ ដើម្បីរួមចំណែកសម្រាលការលំបាក និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួន និងប្រកាន់ស្មារតីទទួលខុសត្រូវខ្ពស់ ។ សកម្មភាពនេះ បានពង្រឹងស្មារតីសាមគ្គីភាព យ៉ាងរឹងមាំ ដោយធានាថា កងកម្លាំងការពារព្រំដែន ទទួលបានការគាំទ្រ និងកម្លាំងចិត្តជានិច្ច ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ៕






អត្ថបទ: ប៊ុន សំណាង/DapNews
