រដ្ឋមន្រ្តីសុខាភិបាល ៖ មណ្ឌលសុខភាព ជាច្រកទ្វារទី១ របស់វិស័យសុខាភិបាល
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា មណ្ឌលសុខភាព គឺជាច្រកទ្វារទី១ របស់វិស័យសុខាភិបាល ដែលនៅកៀកជិតបំផុតជាមួយប្រជាពលរដ្ឋ ។

ក្នុងជំនួបជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃព្រឹទ្ធសភា លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ក្រោមការដឹកនាំដ៏មុតមាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានកំណត់ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ជាគោលនយោបាយអាទិភាព ដោយផ្តោតលើការពង្រឹង សេវាសុខភាពបឋម ការលើកកម្ពស់គុណភាពសេវា ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសាធារណៈ និងឯកជន។

លោករដ្ឋមន្រ្តីបន្តថា ក្រសួងសុខាភិបាលបានបន្តជំរុញ ការអនុវត្តផែនការ យុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥-២០៣៤ និងផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកល ឆ្នាំ២០២៤-២០៣៥ ដោយសម្រេចបាន វឌ្ឍនភាពសំខាន់ៗ ក្នុងការពង្រីកលទ្ធភាព ទទួលបានសេវាថែទាំសុខភាព ការពង្រឹងសេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីផ្តល់សេវាសុខភាព ២៤ម៉ោង ៧ថ្ងៃក្នុង ១សប្ដាហ៍ ការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ ព្រមទាំងការពង្រឹងប្រព័ន្ធបញ្ជូន និងសង្គ្រោះបន្ទាន់។

ជាមួយគ្នានេះ រដ្ឋមន្រ្តីបន្ថែមថា ក្រសួងបានបន្តពង្រឹងកម្មវិធីសុខភាពអាទិភាព រួមមាន ៖ ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង-ជំងឺឆ្លង សុខភាពមាតា ទារក និងកុមារ និងសុខភាពផ្លូវចិត្ត ក៏ដូចជាការឆ្លើយតប ចំពោះការគំរាមកំហែងសុខភាពសាធារណៈ។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងអភិបាលកិច្ច ការធ្វើឌីជីថលូបនីយកម្មប្រព័ន្ធសុខាភិបាល និងការធ្វើនិយតកម្មលើសេវាសុខាភិបាលឯកជន ។

សម្រាប់ទិសដៅបន្ត លោកសាស្រ្តាចារ្យ ឈាង រ៉ា អះអាងថា ក្រសួងសុខាភិបាលនឹងផ្តោតលើការពង្រីកការគ្របដណ្តប់សេវាសុខភាពប្រកប ដោយគុណភាព ការពង្រឹងសមធម៌ និងការការពារហានិភ័យហិរញ្ញវត្ថុ ការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័ន ការពង្រឹងប្រព័ន្ធផ្គត់ផ្គង់ឱសថ បរិក្ខារ និងឧបករណ៍វេជ្ជសាស្ត្រ ព្រមទាំងការអភិវឌ្ឍទិន្នន័យ និង បរិវត្តកម្មឌីជីថល ដើម្បីបន្តជំរុញវឌ្ឍនភាព ឆ្ពោះទៅសម្រេចការគ្របដណ្តប់ សុខភាពជាសកលនៅឆ្នាំ២០៣៥ ៕









