សម្តេចធិបតី អញ្ជើញសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ស្ថិតនៅខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ស្ថិតនៅឃុំប្រមោយ ស្រុកវែលវែង ខេត្តពោធិ៍សាត់។

ពិធីសម្ពោធផ្លូវជាតិលេខ១០ ដែលកំពុងប្រព្រឹត្តទៅ គឺជាការបង្ហាញពីសមិទ្ធផលថ្មីមួយបន្ថែម ដែលបានកើតចេញក្រោយពីកម្ពុជា បានបិទបញ្ចប់សង្រ្គាមស៊ីវិល ទាំងស្រុងក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ន។

ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុប ១៩៨គីឡូម៉ែត្រចាប់ពីផ្លូវជាតិ លេខ ៥៧-៧ ត្រង់គីឡូម៉ែត្រលេខ ៣៥+៩០០ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានប្រវែង៣២គីឡូម៉ែត្រ ឆ្លងកាត់ ឃុំប្រម៉ោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ មានប្រវែង ៩៨គីឡូម៉ែត្រ រហូតដល់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែង៦៧គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានសាងសង់ឡើងជាប្រភេទផ្លូវ DBST ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ១៩៣ គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ២គន្លងទៅមក និងផ្លូវចាក់បេតុងសរសៃដែកមានប្រវែង ៤ ៧០០ម៉ែត្រ ទទឹង ៩ម៉ែត្រ និងនៅចំណុចផ្លូវបត់បែនខ្លាំង និង ផ្លូវចំណោទ ឡើងចុះមួយចំនួនត្រូវពង្រីករហូតដល់១៨ម៉ែត្រ ដែលរថយន្តសណ្តោងរ៉ឺម៉កប្រវែង ២១ម៉ែត្រ អាចទៅមកក្នុងពេលតែមួយបាន។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៦៦ខែ និងបានបញ្ចប់ការសាងសង់ ជាស្ថាពរ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៥ដែលមាន ក្រុម ហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនទទួលបន្ទុក សាងសង់ និងមានក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ទទួលបន្ទុកលើកិច្ចការបច្ចេកទេស។ គម្រោងនេះ បានចំណាយថវិកាសរុបប្រមាណ ២៥២លានដុល្លារ អាម៉េរិក រួមមាន ថវិកាជាប្រភព ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចំនួនប្រមាណ ១៩២,៧១លាន ដុល្លារ អាម៉េរិក និងប្រភព ថវិកាជាតិ ចំនួន ប្រមាណ ៥៩,៣៦លានដុល្លារ អាម៉េរិក រួមទាំង ថវិកាបដិភាគ រាជរដ្ឋាភិបាល មួយចំនួន ផ្សេងទៀត សម្រាប់ ចំណាយ លើការដោះស្រាយផលប៉ះពាល់ ការបោសសម្អាត គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ផ្លូវជាតិលេខ១០នេះ គឺជាខ្សែផ្លូវថ្មីមួយ បានលេចចេញ ជារូបរាង ឡើង យ៉ាងស្រស់ត្រកាល នៅក្នុង សម័យកាលតេជោធិបតី ជាខ្សែផ្លូវយុទ្ធសាស្រ្ត និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលត្រូវបានសាងសង់ តភ្ជាប់ពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងភ្ជាប់ទៅក្រុង ខេមរភូមិន្ទ នៃខេត្តកកោះកុង ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិ សំខាន់ៗ រួមមាន ផ្លូវជាតិលេខ ៥៧ ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ ៤៨ និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗនៅក្នុងភូមិសាស្រ្តនៃខេត្តទាំង ៣៕















