សម្ដេចធិបតី សង្ឃឹមថា ព្រែកជីកហ្វូណនតេជោ នឹងបញ្ចប់ការសាងសង់ឆ្នាំ២០២៨
ពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងសង្ឃឹមថា គ្រោងព្រែកជីក ហ្វូណនតេជោ នឹងបញ្ចប់ការសាងសង់ឆ្នាំ២០២៨ ខាងមុខ ខណៈគ្រោងនេះ នឹងជួយសម្រួលសេដ្ឋកិច្ចជាតិ និងធានាប្រព័ន្ធស្រោចស្រពរាប់លានហិកតា។
គ្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ព្រែកជីកហ្វូណនតេជោ កំពុងធ្វើ ហើយសង្ឃឹមថា នឹងបញ្ចប់ឆ្នាំ២០២៨ យើងនឹងមានប្រវត្តសាស្ដ្រហើយ តពីទន្លេ ទៅសមុទ្រ យើងមានទន្លេទឹកសាប យើងមានសមុទ្រទឹកប្រៃ តែយើងភ្ជាប់ តែផ្លូវគោកទេ កន្លងទៅ បន្ដិចទៀត ពេលព្រែកជីកហ្វូណនតេជោ បានកសាងហើយ យើងនឹងមានផ្លូវទឹក តភ្ជាប់ពីទឹកសាប ទៅទឹកប្រៃ ភ្ជាប់ពីផែនទឹកសមុទ្រ ទៅផែនទឹកសាបរបស់យើង ដើម្បីជួយសម្រួលសេដ្ឋកិច្ច និងធនាប្រព័ន្ធស្រោចស្រពរាប់លានហិកតា»។
សូមរំលឹកថា គម្រោងព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ គម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាព នៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ និងជួយពង្រីកនិងបង្កើនផលិតភាព នៃការដាំដុះនៅតំបន់ភាគនិរតី៕
