Feature

ក្រសួងការងារ ផ្សព្វផ្សាយពី “ការទប់ស្កាត់ការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់” ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមទប់ស្កាត់ ជាពិសេសក្នុងចំណោមយុវជន

ភ្នំពេញ៖ ក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ការទប់ស្កាត់ការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់” នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់ដែលជាថ្នាក់ដឹកនាំក្រសួងការងារ តំណាងគ្រឹះស្ថាន ធីវេត អង្គការចលនាដើម្បីសុខភាពកម្ពុជា សិស្សានុសិស្ស និងយុវជន។ កម្មវិធីផ្សព្វផ្សាយនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ព្រមទាំងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់។

ថ្លែងទៅកាន់អង្គពិធី លោក​ ឡៅ ហ៊ីម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការជំនាញសុខភាពសិក្សា នៃក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈដែលអញ្ជើញជាអធិបតីក្នុងពិធីនេះ បានវាយតម្លៃខ្ពស់ចំពោះអង្គការចលនាដើម្បីសុខភាពកម្ពុជា និងអង្គភាពស្ថាប័នពាក់ព័ន្ធដែលបានសហការរៀបចំ និងគាំទ្រកម្មវិធីនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការការពារ និងការអភិវឌ្ឍមូលធនមនុស្សឱ្យមានសុខភាពល្អ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច។

លោកមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រសួងការងារ និងអង្គការដៃគូកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់សុខុមាលភាពសិស្ស និស្សិតនៅតាមគ្រឹះស្ថាន ធីវេត បងប្អូនកម្មករនិយោជិតនៅតាមបណ្ដាសហគ្រាស ក្រុមហ៊ុន រោងចក្រ និងសាធារណជន ដោយធ្វើការអប់រំផ្សព្វផ្សាយឱ្យមានការយល់ដឹងពីផលប៉ះពាល់ ហើយចៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ទាំងនេះ ជាពិសេសយុវជនដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនេះ ក្រសួងក៏បន្តជំរុញការអនុវត្តគោលនយោបាយជាតិ ស្តីពីសុខភាពសិក្សា ដែលសម្រេចបានលទ្ធផលជាច្រើន និងបានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រៅពីនោះ ក៏មានសេចក្តីណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុក ទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅតាម សហគ្រាស ក្រុមហ៊ុន រោងចក្រ និងសេចក្តីណែនាំស្តីពីការលើកកម្ពស់ឥរិយាបថរស់នៅ ប្រកបដោយសុខុមាលភាពរបស់កម្មករនិយោជិតនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ និងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ និងកាត់បន្ថយកត្តាហានិភ័យចម្បងនៃជំងឺមិនឆ្លង។

នាឱកាសនោះ លោកបានលើកទឹកចិត្តឱ្យអ្នកចូលរួមយកចិត្តទុកដាក់ស្តាប់បទបង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីដើម្បីឱ្យមានការយល់ដឹង ហើយបន្តចែករំលែកដល់បងប្អូន មិត្តភក្តិ សាច់ញាតិ និងសហគមន៍ ព្រមទាំងចូលរួមទប់ស្កាត់បញ្ហានេះទាំងអស់គ្នា។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកម្មវិធីផ្សព្វផ្សាយនេះ ថ្នាក់ដឹកនាំគ្រប់អង្គភាពក្រោមក្រសួងនឹងយកចិត្តទុកដាក់ចូលរួមអនុវត្តសេចក្ដីណែនាំដែលបានដាក់ចេញ និងពិនិត្យរាល់សកម្មភាពរបស់អង្គភាព បុគ្គលិក មន្ត្រីរាជការ សាស្រ្តាចារ្យ សិក្ខាកាម សិស្សនិស្សិត ដើម្បីធានាមិនមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ឬផលិតផលដែលអាចផ្ដល់ផលប៉ះពាល់ដល់យុវជន និងសង្គម។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ក៏បានធ្វើបទបង្ហាញពីផលប៉ះពាល់, ប្រភេទ និងបច្ចុប្បន្នភាពនៃការចែកចាយឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ជូនអង្គពិធីផងដែរ ជាពិសេសគឺការផ្សព្វផ្សាយលក់នៅតាមបណ្តាញសង្គម។ លោកវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ឱ្យមានការបន្តបិទគណនីសង្គមដែលកំពុងបង្ហោះចែកចាយលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់, ណែនាំប្រតិបត្តិករដឹកជញ្ជូនកុំឲ្យដឹកជញ្ជូនឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកប្រព្រឹត្តល្មើសនឹងបទបញ្ជាលេខ ០២បប របស់រាជរដ្ឋាភិបាល៕

To Top