ព័ត៌មានជាតិ

សម្តេចធិបតី ៖ ស្រ្តី សែម សុខគា ថា មានទំនាស់ដីធ្លីនៅតំបន់អន្ទង់អាំង ចូលខ្លួនដោះស្រាយ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ស្រ្តីម្នាក់ដែលមានឈ្មោះ សែម សុខគា ដែលបានអះអាងថា ខ្លួនមានបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង នៅតំបន់ភ្នំ១០០៥ មកចូលខ្លួនដោះស្រាយដោយភាពស្មោះត្រង់អត់មានចាប់ខ្លួនទេ ។

ថ្លែងចេញពីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅលើទឹកដីខេត្តពោធិ៍សាត់ គ្របដណ្តប់តំបន់អន្ទង់អាំង នៅលើភ្នំ១០០៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចឡើងទៅលើស្រ្តីម្នាក់ឈ្មោះ សែម សុខគា ដែលបានអះអាងថា ជាជនរងគ្រោះដីធ្លីហើយដៃម្ខាងពរកូនក្មេងថា ជាកូនប្រុសតែការពិតមិនមែន ហើយស្រែកតវ៉ានៅមុខក្រសួងយុត្តិធម៌កាលពីប្រមាណជា១ឆ្នាំមុននោះ មកចូលរួមដោះស្រាយជាមួយក្រសួងស្ថាប័ពាក់ព័ន្ធ បើសិនជាមានរឿងរ៉ាវកើតឡើងពិតប្រាកដ ។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំអំពាវនាវឱ្យប្អូនស្រីចេញមកជួបជាមួយក្រុមការងារទៅ យើងដោះស្រាយ វាគ្មានរឿងអីធ្វើបាបគាត់ទេ ។ បើថាគាត់ចង់បានដី ឥឡូវដីគាត់ពិតប្រាកដនៅណាចង់បានយ៉ាងម៉េច ដំណោះស្រាយយ៉ាងម៉េចមកនិយាយគ្នាទៅ”។

សម្តេចបញ្ជាក់ថា ប៉ុន្តែដល់ពេលស្រាវជ្រាវទៅឃើញថា ស្រ្តីរូបនេះមានដីរហូតទៅដល់៦កន្លែងឯណោះនៅតំបន់ភ្នំ១០០៥នេះ ។
សូមបញ្ជាក់ថា ស្ត្រីឈ្មោះ សែម សុខគានេះ កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២៥បានអះអាងថា ខ្លួនជាប្រជាពលរដ្ឋមួយរូបរស់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានដីនៅតាមផ្លូវជាតិលេខ៥៥ គីឡូម៉ែត្រ១៣៧ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលខ្លួនកាន់កាប់រយៈពេលជាង១០ឆ្នាំមកហើយ និងមានបណ្ណកម្មសិទ្ធិថែមទៀតនោះ ត្រូវបានអាជ្ញាធររឹបអូស ហើយមកតវ៉ានៅមុខក្រសួងយុត្តិធម៌ ពេលនោះក្រុមការងារក្រសួងក៏បានចុះទៅស្រាវជ្រាវដោយផ្ទាល់នៅទីតាំងជាក់ស្តែង ក៏ដូចជាជួបផ្ទាល់ជាមួយអ្នកស្រី សែម សុខគា ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងស្រាវជ្រាវលើករណីនេះ៕

To Top