កម្ពុជា មិនអនុញ្ញាត ឱ្យមានល្បែងស៊ីសងអនឡាញ ឬការភ្នាល់អនឡាញដាច់ខាត
ភ្នំពេញ ៖ លេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា កាស៊ីណូចំនួន ២៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ បន្ទាយមានជ័យ ស្វាយរៀង បានបញ្ចប់រាល់ប្រតិបត្តិការ និង សកម្មភាពអាជីវកម្មល្បែងស៊ីសងអនឡាញ និងការភ្នាល់ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ (Online Gambling & Online Betting) ក្រោយឱសានវាទបានឈាន មកដល់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

នេះជាលទ្ធផល នៃការអនុវត្តតាមបទបញ្ជារបស់ រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យមានល្បែងស៊ីសង ឬការភ្នាល់អនឡាញដាច់ខាត ទាំងក្នុង និងក្រៅបរិវេណកាស៊ីណូ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
យោងតាមរបាយការណ៍ នៃការចុះត្រួតពិនិត្យរបស់មន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់នៃលេខាធិការដ្ឋានគ.ប.ឆ.ប. សហការជាមួយ គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីតុលាការខេត្ត កាស៊ីណូចំនួន ១២ ទីតាំងក្នុងខេត្តព្រះស៊ីហនុ, ៧ ទីតាំងក្នុងខេត្តបន្ទាយមានជ័យ និង ៥ ទីតាំងក្នុងខេត្តស្វាយរៀង បានបញ្ចប់សកម្មភាពល្បែងស៊ីសង និងការភ្នាល់អនឡាញ ដោយក្នុងទីតាំងទាំងនេះ គេបានបញ្ចប់រាល់ការ Live Streaming ល្បែងស៊ីសង ការភ្នាល់បាល់ ការកត់ឆ្នោត តាមអនឡាញ និងការប្រកួតបក្សី កីឡាទាំងអស់ ព្រមទាំងបានរុះរើ និងដឹកជញ្ជូនឧបករណ៍ សម្ភារបម្រើឱ្យអាជីវកម្ម Online Gambling ទាំងស្រុងចេញពីទីតាំងទាំងនេះ។

អាជ្ញាធរមានសមត្ថកិច្ច នឹងបន្តចុះតាមដាន និងក្តាប់សភាពការណ៍យ៉ាងម៉ឺងម៉ាត់បំផុត នៅតាមបណ្តាទីតាំងក្នុងខេត្តទាំងនេះ និងក្នុងមូលដ្ឋានខេត្តផ្សេងទៀត ទូទាំងប្រទេស ហើយប្រសិនបើឃើញមានការល្មើស នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែង ឬយោគយល់ឡើយ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

លេខាធិការដ្ឋានគ.ប.ឆ.ប. បានបញ្ជាក់ ជូនសាធារណជន និងប្រតិបត្តិករទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃឱសានវាទនេះតទៅ រាល់សកម្មភាពល្បែងស៊ីសងអនឡាញ ឬការភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់រូបភាព ទាំងក្នុង និងក្រៅបរិវេណកាស៊ីណូ ត្រូវបានហាមឃាត់មិនឱ្យមានដាច់ខាត។

សូមរំលឹកជូនផងដែរថា លេខាធិការដ្ឋាន គ.ប.ឆ.ប. ដោយសហការជាមួយស្ថាប័នជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច បានចុះបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង ៦០០ទីតាំង នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ចំពោះវិស័យល្បែងពាណិជ្ជកម្ម លេខាធិការដ្ឋាន គ.ប.ឆ.ប. ក៏បានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ក្នុងការស្រាវជ្រាវ និងតាមដានត្រួតពិនិត្យលើបណ្តាកាស៊ីណូ ដែនមានការសង្ស័យថា បានលួចលាក់ប្រព្រឹត្ត ឬផ្តល់ទីតាំងដល់សកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ កាស៊ីណូដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន ១៨ កាស៊ីណូ ត្រូវបានដកហូតអាជ្ញាបណ្ណ ចំណែកឯ អាជ្ញាបណ្ណ របស់ ៩ កាស៊ីណូផ្សេងទៀត ត្រូវបានសមត្ថកិច្ចសម្រេចព្យួរ ហើយដាក់ក្នុងនីតិវិធីស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែម ដើម្បីប្រមូលភស្តុតាងដាក់បន្ទុកឱ្យពេញលេញ មុននឹងឈានដល់ការសម្រេចដកហូតអាជ្ញាបណ្ណ៕


