មេ CMAC ៖ អ្នកណាគាំទ្រ ខ្មាំងសត្រូវឈ្លានពានទឹកដីខ្មែរ ពិតជាជនវង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯង
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានលើកឡើងថាអ្នកណាគាំទ្រ ខ្មាំងសត្រូវឈ្លានពាន កាន់កាប់បូរណភាពទឹកដីខ្មែរ ពិតជាជនវង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯងហើយ។

ការលើកឡើងរបស់ លោក ហេង រតនា បន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេស បានចោទប្រកាន់ និងមើលងាយទឹកចិត្តកងទ័ព នៅតាមព្រំដែន។ ខណៈ កងទ័ពខ្មែរ បានពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោក ហេង រតនា បានឱ្យដឹងថា ពួកឈ្លានពានបានទម្លាក់គ្រាប់បែក និងបាញ់កម្ទេចប្រាសាទព្រះវិហារដូនតាខ្មែរដែលជាមរតកដ៍មហាសាល និងជាបេតិកភណ្ឌពិភពលោក។

លោក អគ្គនាយក បន្ដថា ក្នុងស្មារតីប្រយុទ្ធការពារ កូនខ្មែរគ្រប់រូបមិនថាស្ថិតក្នុងនិន្នាការ នយោបាយណានិងអង្គការចាត់តាំងណាទេ ត្រូវតែមានកាតព្វកិច្ចដាច់ខាតចូលរួម ការពារបូរណភាពទឹកដី ជាពិសេសប្រាសាទព្រះវិហារដ៍កំសត់របស់កម្ពុជា។

លោក អគ្គនាយក បានគូសបញ្ជាក់ថា «ដូចនេះអ្នកណាគាំទ្រខ្មាំងសត្រូវដែលឈ្លានពានកាន់កាប់បូរណភាពទឹកដីខ្មែរ បំផ្លិចបំផ្លាញផ្ទះសំបែង ភូមិករប្រជាជន សម្លាប់វរកងទ័ព ប្រជាជន និងកម្ទេចប្រាសាទខ្មែរយើង បុគ្គលនោះ ពិតជាជនវង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯងហើយ»៕
