ព័ត៌មានជាតិ

សម្តេចធិបតី ៖ ត្រូវប្រើ AI ធ្វើជាជំនួយការ កុំឱ្យ AI ធ្វើជាមេ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ក្នុងសម័យទំនើបនេះ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI កំពុងតែពេញនិយមនិងផុសផុល ប៉ុន្តែចំពោះការនិយមប្រើនេះ សម្តេចបានផ្តាំផ្ញើថា ត្រូវចេះប្រើ AI ធ្វើជាជំនួយការ ធ្វើយ៉ាងណាកុំឱ្យ AI ធ្វើជាមេ​ ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា ខណៈការប្រើប្រាស់ AI កំពុងមានកំណើនមិនថា តែនៅកម្ពុជាឬនៅទូទាំងសកលលោកនោះទេ ដូច្នេះត្រូវចេះប្រើAI ដោយវិជ្ជាជីវៈ គុណធម៌ និងក្រមសីលធម៌ ហើយអ្វីកាន់តែសំខាន់ត្រូវប្រើប្រព័ន្ធបញ្ញាសិប្បនិម្មិតនេះ ធ្វើជាជំនួយការវិញ ដោយកុំ AI ធ្វើជាមេដឹកនាំមុខ។

សម្តេចធិបតីបញ្ជាក់ថា “វាជាធូលមួយជួយយើងក្នុងការដោះទាល់ម្តងៗ ប៉ុន្តេនៅតែជាការគិតគូរ និងនៅតែជាការគ្រប់គ្រងរបស់យើងដដែលទេ ។ ប្រើ AI ធ្វើជាជំនួយការរបស់យើង កុំឱ្យពឹងលើAIជាមេរបស់យើង ដែលយើងត្រូវពឹងស្អីក៏បានស្អីក៏បាន គ្រាន់តែប្រាប់គេឱ្យមកយើងសរសេរ”។

នាយករដ្ឋមន្រ្ដីក៏បានបង្ហាញការបារម្ភចំពោះ AI ថែមទៀតថា បើសិនជាម្នាក់ៗពឹងផ្អែកលើ AI ពេកយូរៗទៅ AI នឹងក្លាយទៅជាអ្នកសម្រេចចិត្តឱ្យមនុស្សដែលនេះគឺជាគ្រោះថ្នាក់បំផុត។ សម្ដេចធិបតីមានប្រសាសន៍ទៀតថា ម៉ាស៊ីនទោះបីពូកែយ៉ាងណាក៏មិនដូចមនុស្សដែរ ខណៈការសម្រេចចិត្តរបស់មនុស្សផ្អែកទៅលើកត្តាច្រើន គឺកត្តាវប្បធម៌ កត្តាអារម្មណ៍ កត្តាមនោសញ្ចេតនា កត្តាកាលៈទេសៈ ។ ដូច្នេះបើមនុស្សចាប់ផ្ដើមប្រើហើយ ពឹងផ្អែកទាំងស្រុងលើ AI គឺចប់ហើយ៕

To Top