រដ្ឋបាលរាជធានីភ្នំពេញ បន្តបើកយុទ្ធនាការ បាញ់សម្លាប់មូសខ្លា បង្កាទប់ស្កាត់ជំងឺគ្រុនឈាម
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តបើកយុទ្ធនាការបាញ់សម្លាប់មូសខ្លា បង្កាទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ ដោយក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សុខមាភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ក្នុងយុទ្ធនាការបន្តបាញ់ថ្នាំសម្លាប់មូល នៅតាមខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ចាប់ផ្តើមពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះតទៅ ដែលពិធីនេះធ្វើឡើងនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២តុលនេះ ក្រោមអធិតីលោក ពេញ ធារម្យ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ។ យុទ្ធនាការនេះធ្វើឡើងដោយអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងគិតគូរបញ្ហាសុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើង អំពីការលុបបំបាត់ជម្រកមូសខ្លា និងវិធានការការពារ ក៏ដូចជាការបង្ការនានា។ លោកវេជ្ជបណ្ឌិត ងី មានហេង បានឱ្យដឹងថា សំបុកធំរបស់មូស គឺជាពាងទឹក និងអាងទឹក ដូច្នេះដើម្បីបំបាត់ជម្រកមូសខ្លាបាន យើងត្រូវយកអាបែតទៅដាក់នៅពាងទឹក និងអាងទឹក។ មិនត្រឹមតែប៉ុណ្ណោះ ទីណាមានទឹកថ្លា ក៏មូសអាចពងបានដែរ ដូចជាទឹកភ្លៀងដក់នៅនឹងចានស្នោ សំបកថង់ប្លាស្ទិក កង់ឡាន ដែលទុកហាលភ្លៀងជាដើម ។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរ ក៏បានក្រឿនរំលឹកថា កុំមើលរំលងរបស់តូចៗខាងលើនេះ ព្រោះរបស់ទាំអស់នេះ សុទ្ធតែអាចក្លាយជាជម្រកមូសខ្លា ក្រោយពេលភ្លៀងធ្លាក់ ជាពិសេសត្រូវអនុវត្តរក្សា នូវវិធានការអនម័យ ជុំវិញលំនៅឋានជាប្រចាំ ខណៈអ្នកអនុវត្ត មិនមែនត្រឹមជាមន្ត្រីសុខាភិបាលទេ គឺត្រូវការការចូលរួមពីសហគមន៍ សមាជិកគ្រប់រូបនៅសហគមន៍ រាប់ទាំងក្រុមប្រឹក្សាសង្កាត់ រាប់ទាំងមន្ត្រីរដ្ឋបាលសង្កាត់ មន្ត្រីភូមិ ធ្វើយ៉ាណាងរក្សាអនាម័យភូមិ អនាម័យមូលដ្ឋាន ។

កន្លងមកប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែង និងអរគុណ ចំពោះលោកអភិបាលរាជធានីភ្នំពេញ ដែលបានចាត់ចែងក្រុមគ្រូពេទ្យ នៃកងកម្លាំងអង្គភាព៧១១ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានី ឱ្យចុះបាញ់ថ្នាំមូស ក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរ ពីសុខមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោក ពេញ ធារម្យ អភិបាលរងបានឱ្យដឹងថា យុទ្ធនាការនេះមិនមែនជាលើកទី១ទេ ពោលកន្លងមកអាជ្ញាធររាជធានីភ្នំពេញ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនេះ ជាប់ជាប្រចាំ បន្ថែមលើនេះ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ចូលរួមក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងនាមអ្នកជាចែករំលែក ពីវិធានការបង្ការ និងការការពារ ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាពលរដ្ឋក្នុងមូលដ្ឋាន ទទួលបានសុខភាពល្អ ជៀសវាងកើតជំងឺគ្រុនឈាម ។

ជាមួយគ្នានេះ នៅក្នុងពិធីជួបជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ នាថ្ងៃដដែលឯលោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរសង្កាត់ និងអាជ្ញាធរភូមិទាំងអស់ សិក្សាស្វែងយល់ អំពីវិធានការការការពារ និងបង្ការជំងឺ ក៏ដូចជាការលុបបំបាត់ជម្រកមូលខ្លា ជាពិសេសចូលរួមធ្វើការផ្សព្វផ្សាយបន្ត ជូនដល់ប្រជាពលរដ្ឋ នៅតាមភូមិសង្កាត់របស់ខ្លួន៕






