ជប៉ុនផ្តល់ថវិកាជាង ១៦ម៉ឺនដុល្លារ ដើម្បីសាងសង់ឃ្លាំង កន្លែងសម្ងួត និងតម្លើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្ម ក្នុងខេត្តក្រចេះ
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ១៦៤,២៦៩ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនមួយ ក្រោម គ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងថ្នាក់មូលដ្ឋាន (គូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបាន ចុះហត្ថលេខានៅថ្ងៃនេះ ដោយ លោក មិស៊ូមិ តាកាហ៊ីតុ ភារធារីស្តីទី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និង អ្នក តំណាងស្ថាប័នទទួលជំនួយ ដើម្បីអនុវត្តគម្រោងខាងក្រោម៖
គម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី ក្នុងខេត្តក្រចេះ (ថវិកាចំនួន ១៦៤,២៦៩ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ

ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ឃ្លាំង និងកន្លែងសម្អាត ចំនួន៣ ក៏ដូចជាតម្លើង ឧបករណ៍វាស់សំណើម ចំនួន៣ សម្រាប់សហគមន៍កសិកម្ម ចំនួន៣ ក្នុងខេត្តក្រចេះ។ បរិក្ខារ និងឧបករណ៍ ទាំងនេះ នឹងជួយឱ្យសមាជិកសហគមន៍កសិកម្ម អាចកែលម្អការកែច្នៃគ្រាប់ស្វាយចន្ទីក្រោយការប្រមូលផល ដែលនឹងជួយបង្កើនបរិមាណគ្រាប់ស្វាយចន្ទីសម្រាប់ លក់ចេញ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យ កសិកម្មបន្ថែមទៀត។
សូមបញ្ជាក់ថា គម្រោងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥត សំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយ ជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង ៧២លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ជាង៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕
