Feature

រដ្ឋមន្រ្តីមហាផ្ទៃ គាំទ្រទីម័រឡេស្តេ ទទួលធ្វើជាប្រធានអាស៊ាន

ភ្នំពេញ ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា កម្ពុជាគាំទ្រប្រទេសទីម័រឡេស្តេ ក្នុងការទទួលធ្វើជាប្រធានអាស៊ាន, SOMTC, និង AMMTC នៅក្នុងឆ្នាំ២០២៩ខាងមុខ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់លោក ស សុខា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦បានឱ្យដឹងថា រដ្ឋមន្រ្តីបានពិភាក្សាការងារជាមួយ ឯកឧត្តម Francisco Da Costa Guterres រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ។
 
ក្នុងជំនួបលោករដ្ឋមន្រ្តីមហាផ្ទៃខ្មែរ បានបញ្ជាក់អំពីជំហរ គាំទ្រប្រទេសទីម័រឡេស្តេ ក្នុងការទទួលធ្វើជាប្រធានអាស៊ាន, SOMTC, និង AMMTC នៅក្នុងឆ្នាំ២០២៩ ព្រមទាំងការចូលជាសមាជិកអាស៊ានណាប៉ូល នាពេលខាងមុខ ដោយផ្អែកលើលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ នគរបាលជាតិទីម័រឡេស្តេ ។

 
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទីម័រឡេស្តេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រប្រទេសទីម័រ រហូតបានចូលជាសមាជិកទី១១ របស់អាស៊ាន ។
 
សូមបញ្ជាក់ថា ប្រទេសទីម័រឡេស្តេ នឹងត្រូវទទួលធ្វើជាប្រធានប្ដូរវេនអាស៊ាន (ASEAN Chairmanship) ជាផ្លូវការនៅក្នុងឆ្នាំ២០២៩ ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំបំផុត និងជាលើកដំបូងបង្អស់សម្រាប់ប្រទេសនេះ ចាប់តាំងពីបានចូលជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន កាលពីខែតុលា ឆ្នាំ២០២៥។ ស្របពេលជាមួយគ្នានៃការធ្វើជាប្រធានអាស៊ាននេះ ទីម័រឡេស្តេក៏នឹងត្រូវទទួលតួនាទីជាប្រធានរៀបចំកិច្ចប្រជុំសំខាន់ៗក្នុងទម្រង់សន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) ផងដែរ៕

To Top