មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ចាត់ទុកការវិលត្រឡប់ មកប្រទេសកំណើតវិញ ជាការចាប់ឱកាសការងារថ្មី ដែលបំប្លែងបទពិសោធនៅស្រុកគេ ទៅជាជំនាញ សម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងសង្គម
ឧត្តរមានជ័យ ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារក្នុងស្រុកចំនួន ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្តរមានជ័យ នាព្រឹកទី២ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលមានអ្នកចូលរួមជាង ៥០០នាក់ លោក ទេព ណាវី រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធកំពុងខិតខំភ្ជាប់បងប្អូនទៅនឹងឱកាសការងារ។ ជាក់ស្តែង វេទិកានេះបាននាំយកឱកាសការងារក្នុងស្រុកចំនួន ៤ពាន់កន្លែងនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីចុះឈ្មោះ សម្ភាស ទទួលបានការងារភ្លាមៗ។ លោកបានលើកទឹកចិត្តដល់អតីតពលករកុំឱ្យអស់សង្ឃឹម ព្រោះការវិលត្រឡប់មកស្រុកកំណើតវិញគឺជាចំណុចចាប់ផ្តើមនៃឱកាសថ្មី។ បងប្អូនត្រូវបំប្លែងបទពិសោធជាច្រើនដែលមានទៅជាជំនាញ ពីជំនាញទៅជាការងារសម្រាប់រកប្រាក់ចំណូលកាន់តែប្រសើរនៅក្នុងស្រុក។

លោកបានប្រៀបធៀបពីការងារចំណាកស្រុកខុសច្បាប់នៅប្រទេសថៃ និងការងារក្នុងស្រុក ដែលជាជម្រើសដ៏ល្អសម្រាប់កសាងសេដ្ឋកិច្ច សេចក្តីថ្លៃថ្នូរ សុភមង្គលក្នុងគ្រួសារ និងក្តីសង្ឃឹមពេលអនាគត។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ការងារក្នុងស្រុកក៏ផ្តល់នូវអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ផ្ទុយទៅវិញ ការងារចំណាកស្រុកប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ។

ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស លោកបានលើកទឹកចិត្តឱ្យបងប្អូនចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងដោយស្របច្បាប់ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ។ ទន្ទឹមនេះ អតីតពលករ និងយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសម៉ោងសិក្សាបត់បែន ដូចជា៖ ផ្នែកសំណង់ ជួសជុលបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯងក៏បាន ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដ៏មានសារៈសំខាន់នេះជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត។ បើមានបំណងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ៕















