Feature

រដ្ឋមន្ដ្រីអប់រំ ៖ ការផ្ដល់អាហារូបត្ថម្ភគ្រប់គ្រាន់ គួបផ្សំនឹងការគាំទ្រ​ សេដ្ឋកិច្ចគ្រួសារ និងសង្គម ជាកត្តាសំខាន់ជួយកុមារ ឱ្យមានប្រាជ្ញាស្មារតីភ្លឺស្វាង

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការផ្ដល់អាហារូបត្ថម្ភគ្រប់គ្រាន់ គួបផ្សំនឹងការគាំទ្រជ្រោមជ្រែងផ្នែកសេដ្ឋកិច្ចគ្រួសារ និងសង្គម ជាកត្តាដ៏សំខាន់ជួយកុមារឱ្យមានប្រាជ្ញាស្មារតីភ្លឺស្វាង។

ការឱ្យដឹងរបស់លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលថ្នាក់បរិញ្ញាបត្រ អប់រំបឋមសិក្សា វគ្គបណ្ដុះបណ្ដាលក្នុងកម្មវិធី១៥ក្រេឌីតសម្រាប់បឋមសិក្សា និង៣៦ក្រេឌីតសម្រាប់មត្តេយ្យសិក្សា និងបាឋកថាស្ដីពី «សារៈសំខាន់នៃការអប់រំនៅមត្តេយ្យសិក្សា និងបឋមសិក្សា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

ចំពោះការអប់រំកុមារតូច និងមត្តេយ្យសិក្សា លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការវិនិយោគលើកុមារតូចពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយការយកចិត្តទុកដាក់នេះត្រូវចាប់ផ្ដើមតាំងពីម្ដាយកំពុងមានផ្ទៃពោះមកម្ល៉េះ។

លោក ឧបនាយករដ្ឋមន្ត្រី បន្ដថា សម្រាប់រយៈពេល ១០០០ថ្ងៃដំបូង ឬ ៣ឆ្នាំដំបូងនៃជីវិតកុមារ ត្រូវបានចាត់ទុកជាដំណាក់កាលសំខាន់ ដែលខួរក្បាលរបស់ពួកគេមានការលូតលាស់យ៉ាងឆាប់រហ័សរហូតដល់ទៅ ៩០ភាគរយ។

លោក ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «អាស្រ័យហេតុនេះ ការផ្ដល់ការថែទាំយ៉ាងដិតដល់ ការផ្ដល់អាហារូបត្ថម្ភគ្រប់គ្រាន់ គួបផ្សំនឹងការគាំទ្រជ្រោមជ្រែងផ្នែកសេដ្ឋកិច្ចគ្រួសារ និងសង្គម គឺជាកត្តាដ៏សំខាន់បំផុតក្នុងការជួយកុមារឱ្យមានប្រាជ្ញាស្មារតីភ្លឺស្វាង និងមានសមត្ថភាពរៀនសូត្របានល្អ។ ឈរលើចក្ខុវិស័យនេះ ក្រសួងបានបង្កើតទារកដ្ឋាន និងពង្រឹងកម្រិតមត្តេយ្យសិក្សា ដោយទីតាំងទាំងនេះមិនមែនជាកន្លែងដាក់សម្ពាធឱ្យកុមារតូចរៀនសូត្រចំណេះវិជ្ជាធ្ងន់ធ្ងរនោះទេ ប៉ុន្តែជាការវិនិយោគលើការបណ្ដុះបំណិនទន់ និងការអប់រំអត្តចរិត»។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គ្រូមត្តេយ្យត្រូវតែទទួលបានការបណ្ដុះបណ្ដាលគរុកោសល្យត្រឹមត្រូវ ហើយសាលារៀនត្រូវធានាបាននូវបរិស្ថានស្រស់ស្អាត និងអនាម័យល្អ ដើម្បីទទួលបានការជឿទុកចិត្តពីមាតាបិតា អ្នកអាណាព្យាបាល និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមលើមត្តេយ្យសិក្សា សំដៅរួមចំណែកអភិវឌ្ឍកុមារកម្ពុជាឱ្យមានចរិយាមាយាទ និងសុខភាពល្អតាំងពីវ័យកុមារភាព៕

To Top