មុខសញ្ញាជំនាញ ខាងកាត់សោរគាស់ផ្ទះលួចទ្រព្យប្រជាពលរដ្ឋពេលរាត្រី នៅក្រុងសិរីសោភ័ណ ត្រូវកម្លាំងអាវុធហត្ថឃាត់ ខ្លួនបានហើយ
បន្ទាយមានជ័យ: ជនសង្ស័យ ៣នាក់ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦នេះ បានកម្លាំងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីកាត់សោគាស់ទ្វារលួចយកម៉ូតូ HONDA ZOOMER-X ១គ្រឿង និងសម្ភារក្រុមហ៊ុនមិត្តហ្វូនដឹកជញ្ជូន ព្រមទាំងបទល្មើសទទួលផលចោរកម្ម ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ
កន្លងទៅថ្មីៗនេះ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយមានកិច្ចសហការរវាងអាវុធហត្ថខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ដំបូង នៅថ្ងៃទី៣០ ខែកញ្ញា ក្នុងក្រុងសិរីសោភ័ណ និងបន្តពន្លាតដែនសមត្ថកិច្ចឃាត់ខ្លួនបក្ខពួក ១នាក់ទៀត នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី០១ ខែតុលា ព្រមទាំងដកហូតម៉ូតូជនរងគ្រោះត្រឡប់មកវិញ។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ១-ឈ្មោះ កែវ សីលា (មុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ៣លើក), ២-ឈ្មោះ សឿន សំណាង និង៣-ឈ្មោះ សុភាព ភ័ត្រា បានសារភាពប្រព្រឹត្តបទល្មើស ហើយតាមការពិនិត្យទឹកនោម រកឃើញមានសារធាតុញៀនវិជ្ជមាន (+)។ យោងចម្លើយសារភាព និងលទ្ធផលតេស្តទឹកនោម ក្រោយសួរនាំសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ: ប៊ុន សំណាង/DapNews
