ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់ប្រជាពលរដ្ឋ មានទំនុកទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការបន្តដោះស្រាយបញ្ហានៅសេសសល់ ពាក់ព័ន្ធព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មានទំនុកទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ពាក់ព័ន្ធជាមួយព្រំដែនរវាង កម្ពុជា-ថៃ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅខេត្តខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ មករា ២០២៦ សម្ដេច បានជម្រាបជូនប្រពលរដ្ឋនៅពេលនោះ អំពីវិធានការដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញក្នុងគោលដៅសង្គ្រោះជីវិតប្រជាពលរដ្ឋ ការស្វែងរកសន្តិភាពយូរអង្វែងដើម្បីកុំអោយសង្គ្រាមកើតមានឡើងវិញ ក៏ដូចជាការស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី បន្ដថា គិតត្រឹមថ្ងៃនេះ ក្នុងរយៈពេលត្រឹមប្រមាណ ៨ខែ ប៉ុណ្ណោះយើងបានរួមគ្នាប្រែក្លាយវិធានការដែលដាក់ចេញនាពេលនោះ ទៅជាសមិទ្ធផលជាក់ស្តែងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម។

សម្ដេចធីបតី បន្ថែមថា ជាការពិតណាស់ កិច្ចការរបស់យើងមិនទាន់ចប់ទេក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ប៉ុន្តែសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ អាចបញ្ជាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានឃើញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចភារកិច្ចតាមផែនការដែលបានដាក់ចេញដោយភាពច្បាស់លាស់និងការទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ ទឹកដី និងប្រជាជន។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មានទំនុកទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ពាក់ព័ន្ធជាមួយព្រំដែនកម្ពុជាថៃដោយការទទួលខុសត្រូវខ្ពស់»៕

To Top