ទឹកជំនន់នៅបន្ទាយមានជ័យ ស្រកជាបណ្តើរៗ ខណៈអាជ្ញាធរបន្តសង្គ្រោះពលរដ្ឋ និង បើកយុទ្ធនាការជួសជុលផ្លូវ
បន្ទាយមានជ័យ ៖ ស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យបាន ពោលគឺក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ចាប់ផ្តើមស្រកចុះជាបណ្តើរៗហើយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នេះ ក្រោយមេឃរាំងភ្លៀងបីថ្ងៃជាប់គ្នា ដោយបានបើកផ្លូវឱ្យប្រជាពលរដ្ឋមួយចំនួន វិលត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈអ្នករស់នៅតំបន់ទំនាប ជាប់អូរព្រំដែន និងដងស្ទឹង ត្រូវបន្តស្នាក់នៅទីទួលសុវត្ថិភាពសិន ដោយសារទឹកនៅតែលិចជ្រៅ។

ទោះបីជាកម្រិតទឹកប្រែជាថយចុះក្តី ផលប៉ះពាល់ពីជំនន់នាពេលកន្លងមកលើ ក្រុង-ស្រុកទាំង៨ នៅតែមានកម្រិតធ្ងន់ធ្ងរនៅឡើយ ដែលទាមទារឱ្យអាជ្ញាធរខេត្ត ក្រោមការដឹកនាំផ្ទាល់របស់លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្តដឹកនាំមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចចម្រុះ ឈរជើងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដោយចុះផ្តល់ស្បៀងអាហារសង្គ្រោះបន្ទាន់ដល់ដៃពលរដ្ឋរងគ្រោះ និងតាមដានស្ថានភាពទឹកយ៉ាងយកចិត្តទុកដាក់បំផុត។

ទន្ទឹមនឹងការចុះអន្តរាគមន៍សង្គ្រោះពលរដ្ឋ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានស្របទិសគ្នាចុះការពារ និងជួសជុលផ្លូវសំខាន់ៗភ្លាមៗ ដោយបានច្រកបាវដីបិទ ទឹកការពារផ្លូវជាតិលេខ៥ និងលុបសំបុកមាន់លើផ្លូវជាតិលេខ៥៦ ដើម្បីធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។ ស្មារតីទទួលខុសត្រូវខ្ពស់ និងសកម្មភាពឆ្លើយតបយ៉ាងរហ័សនេះ បានក្លាយជាបង្អែកយ៉ាងរឹងមាំសម្រាប់ពលរដ្ឋ ខណៈរដ្ឋបាលខេត្តកំពុងរៀបចំផែនការ ស្តារឡើងវិញជាបណ្តើរៗ៕





អត្ថបទ: ប៊ុន សំណាង/DapNews
