Feature

ពលរដ្ឋថា បងប្អូនកម្មកររោងចក្រ គួរតែសប្បាយចិត្ត ចំពោះការដំឡើងប្រាក់ឈ្នួល ព្រោះនៅប្រទេសផ្សេងៗ មានប្រាក់ឈ្នួល ទាបជាងស្រុកខ្មែរ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានលើកឡើងថា បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គួរតែមានការសប្បាយចិត្តចំពោះការបន្តដំឡើងប្រាក់ឈ្នួលនៅកម្ពុជា ខណៈប្រាក់ឈ្នួលកម្មករ នៅប្រទេសមួយចំនួនក្នុងតំបន់ នៅមានកម្រិតទាបជាងកម្ពុជា។

អ្នកស្រី ចាប ស្រីពៅ ជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា បើទោះបីការដំឡើងប្រាក់ឈ្នួល មិនអាចឆ្លើយតប ទៅនឹង តម្រូវការរបស់មនុស្សគ្រប់រូបបានទាំងស្រុងក៏ដោយ ក៏ប្រាក់ឈ្នួលដែល ត្រូវបានកែសម្រួល កើនឡើងជារៀងរាល់ឆ្នាំ គឺជាចំណុចមួយគួរសាទរ ហើយកម្មករទាំងអស់គួរតែសប្បាយចិត្ត និងពិចារណា ជាពិសេសក្នុង បរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុង ប្រឈមនឹងភាព មិនប្រាកដប្រជា។

អ្នកស្រីនិយាយថា៖«បានឡើងប្រាក់ខែអ៊ីចឹងគាត់[កម្មករ]ធូរការចំណាយ គាត់សប្បាយចិត្ត មានកម្លាំងធ្វើការថែមទៀត ហើយដូចខ្ញុំអ្នកលក់ដូរអ៊ីចឹង គាត់ឡើងប្រាក់ខែអ៊ីចឹងក៏ល្អ លក់ដាច់គ្រាន់បើ»។

ចំណែកអ្នកស្រី នង ស្រីណង ពលរដ្ឋម្នាក់ទៀតនៅរាជធានីភ្នំពេញបានលើកឡើងថា ក្រៅពីប្រាក់ឈ្នួលគោល កម្មករនិយោជិតនៅកម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ និងប្រាក់ឧបត្ថម្ភផ្សេងៗតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជួយកាត់បន្ថយបន្ទុកចំណាយប្រចាំថ្ងៃ ដូចជា ប្រាក់ឧបត្ថម្ភធ្វើដំណើរ និងស្នាក់នៅ ប្រាក់អតីតភាពការងារ និងអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមជាដើម។

អ្នកស្រីបញ្ជាក់ថា៖«ពេលឡើងប្រាក់ខែបន្ថែមអ៊ីចឹងអាចជួយសម្រាលជីវភាពគាត់[កម្មករ]បានមួយកម្រិតដែរ តែបើឡើងច្រើនជាងហ្នឹងបន្តិចទៀតកាន់តែល្អ ប៉ុន្តែណាមួយទៀតខ្លាចថាយើងឡើងច្រើនទៅ ឥឡូវសេដ្ឋកិច្ចកំពុងជួបវិបត្តិចឹងខ្លាចអ្នកវិនិយោគរត់រួច អ៊ីចឹងឥឡូវយើងឡើងបានប៉ុណ្ណឹងចាត់ទុកថាជាការជោគជ័យមួយ»។

យ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋបានចាត់ទុកថា ការរក្សាបាននូវការងារ និងការបង្កើនប្រាក់ចំណូលជាបន្តបន្ទាប់ គឺជាកត្តាសំខាន់សម្រាប់កម្មករ ព្រោះប្រាក់ឈ្នួលមិនត្រឹមតែជួយដល់ជីវភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់ការរស់នៅរបស់គ្រួសារ និងសេដ្ឋកិច្ចមូលដ្ឋានផងដែរ៕

To Top