លោក កែ គឹមយ៉ាន នាំយកស្បៀងសង្គ្រោះបន្ទាន់ ចែកជូនពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ៩៣៩ គ្រួសារ នៅជាយដែនប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៩៣៩ គ្រួសារ នៅតំបន់ព្រំដែនប៉ោយប៉ែត នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៦ នេះ បានទទួល អំណោយស្បៀងសង្គ្រោះបន្ទាន់ភ្លាមៗពី លោក កែ គឹមយ៉ាន តំណាងអ្នករាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ពិធីនេះរៀបចំធ្វើនៅច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងឆ្លើយតបចំពោះគ្រោះធម្មជាតិ ឱ្យបានទាន់ពេលវេលា ។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ លោកក៏ បានអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ ត្រូវបន្តតាមដានស្ថានភាពទឹកជំនន់ និងត្រៀមអន្តរាគមន៍សង្គ្រោះជាប្រចាំ ព្រមទាំងបានដាស់តឿនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពក្នុងអំឡុងពេលជន់លិចនេះ ។

អំណោយសង្គ្រោះបន្ទាន់ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ៣០ គីឡូក្រាម, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, ទឹកសុទ្ធ ១ កេស, ភេសជ្ជៈ ១ កេស, មី ១ កេសតូច ព្រមទាំងស្ករស អំបិល សាច់បាក់យ៉ុង និងនំ៕








អត្ថបទ: ប៊ុន សំណាង/DapNews
