លោក ខូយ រីដា អញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋចូលរួមពិធីបុណ្យបង្សុកូល រំលឹកដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ក្នុងសង្រ្គាមឈ្លានពាន ពីសំណាក់កងទ័ពថៃ
ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃអាទិត្យ ទី ៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាច្រើនរូប ចូលរួមក្នុងពិធីបុណ្យបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស បុព្វការីជន សាច់ញាតិជិតឆ្ងាយ និងជាពិសេសដួងវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាជនរួមជាតិ ដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅទីតាំងប្រវត្តិសាស្ត្រ «ដើមស្តី» ដែលមានអាយុកាលជាង៧០០ឆ្នាំ ស្ថិតនៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ការរៀបចំពិធីបុណ្យដ៏មានអត្ថន័យនេះឡើង ក្នុងបរិយាកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មិនត្រឹមតែជាការបំពេញកតញ្ញូធម៌ និងឧទ្ទិសកុសលដល់បុព្វការីជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកដាស់តឿនស្មារតី កូនចៅជំនាន់ក្រោយ ឱ្យចងចាំនូវគុណូបការៈដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី និងប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃជាតិសាសន៍យើង ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។

គួរជម្រាបជូនថា «ដើមស្តី» ដែលមានអាយុកាលជាង៧០០ឆ្នាំនេះ គឺជាទីសក្ការបូជាដ៏មានវ័យចំណាស់ជាងគេ ដែលស្ថិតក្នុងភាពរុងរឿង និងការគោរពបូជាតាំងពីបុរាណកាលមក។ តាំងពីអតីតកាលរហូតមកទល់បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិក្បាលឈើពុក និងតំបន់ជុំវិញ តែងតែមានជំនឿយ៉ាងមុតមាំ ក្នុងការមកបន់ស្រន់សុំសេចក្តីសុខចម្រើន រកស៊ីមានបាន និងសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ ក្រោមបារមី «លោកតាមដើមស្តី»។

នាសម័យកាលដ៏ខ្មៅងងឹត នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីកន្លែងនេះត្រូវបានប្រើប្រាស់ជាទីតាំងធ្វើ «បន្ទាយ០៨» ឬ «ស្រះត្រឡាច» ដែលជាកន្លែងឃុំឃាំង និងសម្លាប់មនុស្សយ៉ាងឃោរឃៅរាប់រយនាក់ ចាក់ស្រោចដោយឈាម និងទឹកភ្នែករបស់អ្នកស្នេហាជាតិ។
ក្នុងឱកាសនោះដែរ លោក ខូយ រីដា បានថ្លែងអំណរគុណដល់លោកអភិបាលស្រុកកណ្តៀង ដែលបានរៀបចំពិធីនេះឡើងយ៉ាងល្អប្រសើរម ដើម្បីឧទ្ទិសកុសល និងប្រែក្លាយទីតាំងនេះឱ្យទៅជាទីកន្លែងអប់រំប្រវត្តិសាស្ត្រ និងការចងចាំដ៏មានតម្លៃ។

លោកអភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ឱ្យរួមគ្នាថែរក្សាអនាម័យបរិស្ថាន ចូលរួមដាំដើមឈើ ដើម្បីបង្កើនគម្របបៃតងនៅមូលដ្ឋាន។ ជាមួយគ្នានោះ ត្រូវចូលរួមគាំទ្រចំពោះរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី និងយន្តការច្បាប់អន្តរជាតិ និងរួមគ្នាយកឈ្នះ សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២៧ខាងមុខ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានប្រគេនថវិកាដល់វត្តចំនួន៣ ក្នុងស្រុកកណ្តៀង រួមមាន៖ វត្តនទីសេដ្ឋា (វត្តបន្ទាយយួន), វត្តសិរីមង្គល (វត្តលៀប) និងវត្តទេពសន្យា (វត្តស្យា) ដោយក្នុងមួយវត្ត ថវិកា១លានរៀលផងដែរ៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ដើម/ដើមអម្ពិល



