Feature

កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ស្ទាក់បង្ក្រាបក្រុមរត់ពន្ធ ទំនិញថៃឆ្លងដែន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦នេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីលួចនាំចូលទំនិញរត់ពន្ធពីប្រទេសថៃ និងប្រើប្រាស់សារធាតុញៀន ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។

សំណុំរឿងនេះ ផ្ដើមចេញពីកម្លាំងយោធាវរសេនាតូច៥១១ បង្ក្រាបបានជនសង្ស័យ ២នាក់ (ឈ្មោះ នួម ផានុន និងឈ្មោះ រិត ចាន់រ៉េត) ព្រមទាំងវត្ថុតាងទំនិញចម្រុះ នៅភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីយប់ថ្ងៃទី០២ ខែតុលា។ ក្រោយប្រគល់ជូនអាវុធហត្ថស្រុកម៉ាឡៃ ចម្លើយសារភាព និងផលវិជ្ជមាន(+) សារធាតុញៀនលើឈ្មោះ នួម ផានុន បានក្លាយជាតម្រុយឲ្យកម្លាំងជំនាញដឹកនាំដោយ លោកវរសេនីយ៍ត្រី តាំង សុខហេង បើកការស្រាវជ្រាវក្ដោបមុខសញ្ញា រហូតឈានទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀត (ឈ្មោះ ឈិន សាវី) នៅរសៀលថ្ងៃទី០៣ ខែតុលា បន្ថែមទៀត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានបញ្ជាក់ថា ក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនស៊ីឈ្នួលលួចឆ្លងអូរព្រំដែនទៅដឹកទំនិញពីថៃ ចូលស្រុកម៉ាឡៃ ដើម្បីបន្តជញ្ជូនទៅក្រុងប៉ោយប៉ែត ក្នុងកម្រៃ ៣០០០០ រៀល/ម្នាក់ តាមការចាត់ចែងរបស់មេខ្យល់ឈ្មោះ “ចែ បូ” (ជនជាតិខ្មែរ រស់នៅប្រទេសថៃ)។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានបញ្ជូនទៅដល់ដៃសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top