ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការបង្កើតពាក្យ ស្លោកអរគុណសន្ដិភាព ជាការជំរុញសា្មរតីជាតិ ឱ្យការពារសន្ដិភាព

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការបង្កើតពាក្យស្លោកអរគុណសន្ដិភាព គឺជាការជំរុញសា្មរតីជាតិឱ្យស្រលាញ់ យល់ដឹង និងចូលរួមចំណែកការពារសន្ដិភាព ។

ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ការបង្កើតពាក្យស្លោកអរគុណសន្ដិភាព គឺជាការជំរុញសា្មរតីជាតិឱ្យស្រលាញ់យល់ដឹង និងចូលរួមការពារសន្ដិភាព ។ ទន្ទឹមនឹងនេះ ពាក្យពេចន៍នេះ ក៏មានការរួមបញ្ចូលអត្ថន័យសម្ដែងការដឹងគុណ និងកតញ្ញូតាធម៌ចំពោះអតីតយុទ្ធជន និងនិងនិវត្តជនចូលរួមក្នុងស្នាដៃដ៏អស្ចារ្យ ក្នុងការកសាងសន្ថិភាពដ៏រឹងមាំសម្រាប់កម្ពុជាដែលគេធ្លាប់តែស្គាល់ថា ជាប្រទេសដែលទទួលរងនូវសោកនាដកម្មដ៏សង្វែកពីកត្ដាប្រវត្ដិសាស្រ្ដ និងភូមិសាស្រ្ដ ។

សម្តេចធិបតីបន្ថែមថា ដោយសារផលលាភ នៃសន្តិភាពនេះ ទើបកម្ពុជាអាចស្តារកិត្តិយស របស់ខ្លួនឡើងវិញ នៅលើឆាកអន្តរជាតិ និងមានទំនុកចិត្តនៅក្នុងការរៀបចំព្រឹត្តិការណ៍ មហាសន្និបាតសហព័ន្ធអតីតយុទ្ធជន បណ្តាប្រទេសអាស៊ាន លើកទី២៥ នាពេលនេះ ។

នាយករដ្ឋមន្រ្តីបញ្ជាក់ថា ដោយសារសន្តិភាព កម្ពុជាបានរីកចម្រើនស្ទើរតែមិនគួរឱ្យជឿ បើប្រៀធៀបទៅនឹងអ្វីដែលអតីតយុទ្ធជន និងនិវត្តជនបរទេសធ្លាប់បានឃើញ និងជួបប្រទះ នៅពេលធ្វើដំណើរមកកម្ពុជាតាំងពីទស្សវត្សមុន៕

To Top