Feature

ព្រះមហាក្សត្រ លើកទឹកចិត្ត គ្រូបង្រៀន បន្តប្រកាន់ខ្ជាប់សីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលលើកទឹក ចិត្តលោកគ្រូ អ្នកគ្រូ បន្តប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ។

ក្នុងឱកាសទិវាគ្រូបង្រៀន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ទិវាគ្រូបង្រៀន គឺជាទិវាដ៏មានសារៈសំខាន់មួយ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បី រំលឹកនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបាន លះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មកសាងធនធានមនុស្សដ៏មាន តម្លៃសម្រាប់ប្រទេសជាតិ ។

ព្រះមហាក្សត្រ ក៏កោតសរសើរ និងដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានស្ដារ និងកសាងសង្គមជាតិ តាមរយៈការបង្ហាត់បង្រៀន និងអប់រំ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។ ការខិតខំ ប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការផ្តល់ចំណេះដឹង តម្រង់ទិស បណ្តុះស្មារតី និងគំនិត ព្រមទាំង បណ្តុះសីលធម៌ គុណធម៌ និងគុណតម្លៃដល់សិស្សានុសិស្ស និងនិស្សិត គឺ ជាការរួមចំណែកដ៏សំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការរីកចម្រើនរបស់សង្គមជាតិ។

ព្រះមហាក្សត្រ ក៏បានលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់លោកគ្រូ អ្នកគ្រូទាំងអស់ បន្តប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងខិតខំអភិវឌ្ឍចំណេះដឹង សមត្ថភាព និងជំនាញវិជ្ជាជីវៈជាប្រចាំឱ្យស្របតាមការវិវត្តនៃសង្គម បច្ចេកវិទ្យា និងតម្រូវការរបស់យុវជន ជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ ព្រះករុណា ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេសអាណាព្យាបាល សិស្សានុសិស្ស បន្តចូលរួមគាំទ្រ លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់ដល់បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គ្រូបង្រៀន ព្រោះការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងកសាងធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងសក្តានុពល ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព៕

To Top