Feature

រដ្ឋមន្ត្រី ហួត ហាក់ ៖ ព្រឹត្តិការណ៍ទេសចរណ៍ ក្នុងរដូវកាលបៃតង ជាផ្នែកមួយ ជំរុញចលនាទេសចរណ៍ និងបង្ហាញភាពស្រស់ស្អាតរបស់កម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍ ក្នុងរដូវកាលបៃតងគឺជាផ្នែកមួយ នៃការជំរុញចលនាទេសចរណ៍ និងបង្ហាញពីភាពស្រស់ស្អាត ព្រមទាំងសក្តានុពល ដ៏សម្បូរបែបរបស់កម្ពុជា ។

ការថ្លែងរបស់លោករដ្ឋមន្រ្តី ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ទេសចរណ៍ រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សក្តានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង» កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។

ព្រឹត្តិការណ៍ទេសចរណ៍ ក្នុង រដូវកាលបៃតងនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង បំផុសស្មារតីសេ្នហាជាតិ ស្រឡាញ់មាតុភូមិ សាមគ្គីភាព ចូលរួមអភិរក្ស សម្បត្តិបេតិកភណ្ឌរូបិយ អរូបិយ សម្បត្តិធម្មជាតិ ស្របតាមទស្សនទា ន «ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី», «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» ជាពិសេស ការជំរុញចលនាទេសចរណ៍ក្នុងស្រុក និង ការលើកកម្ពស់កិត្តិនាមកម្ពុជា និងចូលរួមបង្ហាញ ទៅកាន់ពិភពលោកថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់នូវភាពកក់ក្ដៅ បដិសណ្ឋារកិច្ចល្អ និងជាទឹកដីដ៏សែនមនោរម្យ ស្វាគមន៍ការមកកម្សាន្ត របស់ទេសចរ មកពីគ្រប់ទិសទីទូទាំងសកលលោក។

ក្នុងនោះ ខេត្តកំពត បានអភិវឌ្ឍមុខមាត់កាន់តែស្រស់ស្អាត កាន់តែប្លែកភ្នែក កាន់តែមានភាពទាក់ទាញ និងកាន់តែមានភាពល្បីល្បាញ សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងថា ការបំប្លែងរដូវ កា ល «Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ រដូវកាលនេះ គឺជាពេលវេលាដែលកម្ពុជាបង្ហាញ នូវសម្រស់ដ៏ពិតប្រាកដ និងរស់រវើកបំផុតរបស់ខ្លួន។ ធម្មជាតិពោរពេញ ដោយភាពស្រស់បំព្រង ពណ៌បៃតងខ្ចី គ្របដណ្តប់ពាសពេញប្រទេស ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ត្រកាល បង្កើតបានជាបទពិសោធ ដ៏កម្រ និងមានតម្លៃ សម្រាប់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានគូសរំលេចបន្ថែមថា «ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង» គឺជាផ្នែកមួយនៃការជំរុញចលនាទេសចរណ៍ និងបង្ហាញពីភាពស្រស់ស្អាត ព្រមទាំងសក្តានុពល ដ៏សម្បូរបែបរបស់កម្ពុជា នារដូវកាលបៃតង។ តាមរយៈព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងបានមើលឃើញថា រដូវកាលបៃតង គឺជារដូវកាលដ៏ស្រស់ស្អាតមួយ សម្រាប់ការធ្វើដំណើរកម្សាន្តនៅកម្ពុជា ដែលមានបទពិសោធន៍ ទេសចរណ៍ថ្មីៗជាច្រើន កំពុងរង់ចាំការស្វែងយល់ និងការរុករក។

គួរឱ្យដឹងថា ថា «ព្រឹត្តិការណ៍ទេសចរណ៍ ក្នុងរដូវកាលបៃតង» ដំបូងនៅរាជធានីភ្នំពេញ ព្រឹត្តិការណ៍នេះបានបន្តដំណើរ ទៅកាន់តំបន់បេតិកភណ្ឌ និងវប្បធម៌ដ៏ល្បីល្បាញ នៅខេត្តសៀមរាប, បន្ទាប់មកបន្តទៅស្វែងយល់ ពីសម្រស់ធម្មជាតិ និងសក្តានុពលអេកូទេសចរណ៍ដ៏សម្បូរបែប នៅភូមិភាគឦសាន និងបន្តមកកាន់តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា នៅខេត្តកំពត ដើម្បីបង្ហាញពីភាពស្រស់ស្អាត អត្តសញ្ញាណ និងបទពិសោធទេសចរណ៍ដ៏សម្បូរបែប នៅតាមតំបន់នីមួយៗ ដែលរួមគ្នាបង្កើតជាបទពិសោធ ដំណើរកម្សាន្តដ៏មានតម្លៃ និងគួរឱ្យចងចាំសម្រាប់ភ្ញៀវទេសចរ។ បន្ទាប់ពីខេត្តកំពត ដែលត្រូវបានរៀបចំសម្រាប់ខេត្ត Cluster នៅតំបន់ឆ្នេរ, ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦ នឹងត្រូវបិទបញ្ចប់ នៅរាជធានីភ្នំពេញវិញ នៅអំឡុងចុងខែតុលា ដើមខែវិច្ឆិកា៕

To Top