សាស្រ្តាចារ្យឈាង រ៉ា ចុះពិនិត្យមូលដ្ឋានសុខាភិបាល កំពុងជន់លិច នៅបាត់ដំបង-បន្ទាយមានជ័យ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យឈាង រ៉ា បានអញ្ជើញចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលដែលកំពុងបន្តរងការជន់លិច នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ។

នាឱកាសចុះពិនិត្យលោកសាស្ត្រាចារ្យ បានសំណេះសំណាលសួរ សុខទុក្ខមន្រ្តីសុខាភិបាល និងកោតសរសើរថ្លែងអំណរគុណ ពីកិច្ចខិតខំយកចិត្ត ទុកដាក់បន្តការងារ បម្រើសេវាពិនិត្យ ថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទោះបីកំពុងប្រឈមនឹង ស្ថានភាពលំបាកដោយសារទឹកជំនន់ក៏ដោយ។

សាស្រ្តាចារ្យផ្តល់អនុសាសន៍ដល់បុគ្គលិកសុខាភិបាល ដោយត្រូវផ្តោតលើការថែរក្សាទុកដាក់សម្ភារ បរិក្ខារ និងឧបករណ៍វេជ្ជសាស្រ្តឱ្យបានល្អបំផុត និងត្រូវសហការរវាងមូលដ្ឋានសុខាភិបាល និងការិយាល័យស្រុកប្រតិបត្តិដែលមានទីតាំងខ្ពស់ទទួលយកឱសថ បរិក្ខារ មកទុកទីតាំងសុវត្ថិភាព ដោយកត់ត្រាក្នុងបញ្ជី ។ ករណីចាំបាច់ ក៏អាចប្រើប្រាស់ឱសថទាំងនោះ យកទៅឆ្លើយតបតាមតម្រូវការ ជូនដល់លំនៅដ្ឋាន ដែលអ្នកជំងឺមិនអាចមកដល់មណ្ឌលសុខភាព។

រដ្ឋមន្រ្តីបន្តថា គ្រប់សេវាសារវន្ត័សុខាភិបាល ត្រូវផ្តល់ជូនថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ការពិនិត្យផ្ទៃពោះ សេវាសម្រាលបុត្រ សេវាចាក់ថ្នាំបង្ការ (ចាក់វ៉ាក់សាំង) ដើម្បីរក្សាបានការបន្តលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ ទោះក្នុងពេលមានទឹកជំនន់ក៏ដោយ ជាពិសេសនៅពេលមានតម្រូវការសុខភាពដែលឥតព្រៀងទុក ។

ជាមួយគ្នានេះ សាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងការពេញចិត្តចំពោះស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់របស់មន្ត្រីសុខាភិបាល ចំពោះកាតព្វកិច្ចរបស់ខ្លួន លើការបម្រើសេវា និងផ្តល់ភាពកក់ក្តៅ ដោយធានាថា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការថែទាំសុខភាពឡើយ។ ជាមួយគ្នានេះ សាស្ត្រាចារ្យ បានណែនាំឱ្យបង្កើនការអប់រំផ្សព្វផ្សាយពីវិធានការថែរក្សាសុខភាពជាប្រចាំ ការយកចិត្តទុកដាក់លើអនាម័យ ការបរិភោគទឹកស្អាត និងការការពារជំងឺឆ្លងនានា ដែលអាចកើតមានក្នុងរដូវវស្សានេះ និងព្រមទាំងត្រៀមបម្រុងឱសថចាំបាច់កុំឱ្យមានការខាតខ្វះ ចន្លោះដោយប្រការណាមួយ។

នាឱកាសនោះ រដ្ឋមន្ត្រី បានណែនាំឱ្យត្រូវត្រៀមលក្ខណៈជាមុនក្នុងការទុកដាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រ វ៉ាក់សាំង ថ្នាំពេទ្យ និងឯកសារសំខាន់ៗ តាមទីតាំងសុវត្ថិភាព ជៀសវាងការខូចខាតជាយថាហេតុ ដោយស្ថានភាពទឹកអាចនឹងមានការប្រែប្រួល មិនអាចស្មានបាន៕














