Feature

ពលរដ្ឋ រួមគ្នាបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់រួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចាប់នៅថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

តាមរយៈសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាពេលថ្មីៗនេះ គណៈកម្មាធិការ សង្កេតឃើញថា នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើចរាចរណ៍តែងកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិតែងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ នេះ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមិនគោរពសិទ្ធិអាទិភាពជាដើម។

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា «សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប សូម មេត្តាយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តវិធានការ ដូចជា ៖ កុំបើកបរលើសល្បឿនកំណត់។ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។ ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។ ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។ ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្តដូចជា សំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និង ចង្កូត ជាដើម»។

គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសម្តែងនូវសេចក្តីសង្ឃឹម និងជឿទុកចិត្តលើ ស្មារតីប្រុងប្រយ័ត្ន របស់សាធារណជន ក្នុងការអនុវត្តសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តី សុខសប្បាយ រីករាយជាមួយក្រុមគ្រួសារ ក្នុងឱកាសប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះ៕

To Top