ពលរដ្ឋ ប្រុងប្រយ័ត្ន ខណៈកម្ពុជា នឹងមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ដ្រាក់
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសពលរដ្ឋធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ (Nolo) និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) រួមជាមួយព្យុះទី២៧ ឈ្មោះ ស៊ូរីហ្គាអេ កំពុងជះឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំងបីនេះនោះទេ តែស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានការប្រែប្រួល។ សម្រាប់តំបន់វាលទំនាប រួមមាន៖ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៥០%។ ចំណែកឯតំបន់ខ្ពង់រាប រួមមាន៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៦០%។
ដោយឡែកតំបន់មាត់សមុទ្រ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៤០%។ ពិសេសជាងនេះរលកសមុទ្រនឹងបោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០.៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១.៧៥ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា «សូមអំពាវនាវដល់សាធារណជនមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងនឹងបន្តតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល«៕
