Feature

UNCEF បន្តគាំទ្រកម្ពុជា ឱ្យសម្រេចបានគោលនយោបាយ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨

ភ្នំពេញ ៖ តំណាងថ្មីអង្គការ UNCEF ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Ms. Maha Damaj បានលើកឡើងថា អង្គការ UNCEF បន្តចូលរួមគាំទ្រយ៉ាងសកម្មដល់ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជាសម្រេចបាន នូវភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ។

ការលើកឡើងរបស់លោកស្រី បានធ្វើឡើងក្នុងឱកាស ទទួលបានការអនុញ្ញាត ជួបពិភាក្សាការងារ ជាមួយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អង្គការ UNCEF ដែលចូលរួមចំណែកលើកកម្ពស់ការអប់រំ និងការពារបរិស្ថាននៅកម្ពុជា។

លោក បានថ្លែងបន្ថែមអំពីកិច្ចសហប្រតិបត្តិការ សម្រាប់យុទ្ធនាការ ដើម្បីកម្ពុជាមានភាពស្អាត ដែលកន្លងមកនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងមានមនុស្សប្រមាណ១៥លាននាក់ ក្នុងនោះសិស្សានុសិស្សនៅតាមសាលារៀន បានចូលរួមក្នុងយុទ្ធនាការ ព្រមទាំងមានការប្តេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក យ៉ាងតិចក៏១ថ្ងៃក្នុង១សប្តាហ៍។

ក្នុងនោះដែរ ក្រសួងបានដាក់ចេញយុទ្ធនាការផ្សេងទៀតដែលឆ្លើយតបរួមគ្នាទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ចូលរួមសម្អាតបរិស្ថាន នៅតាមមូលដ្ឋាននិងតាមផ្លូវជាតិ។ ក្នុងឆ្នាំកន្លងមកនេះ កម្ពុជាបានកាត់បន្ថយការនាំចូល ប្លាស្ទិកចំនួន៨៥%។ លើសពីនេះ ក្រសួងបរិស្ថាន បាននិងកំពុងផ្តល់ធុងសំរាម ទៅតាមសាលារៀនដើម្បីបណ្តុះគំនិតកុមារ និងយុវជន ផ្សារភ្ជាប់ទៅសហគមន៍ អំពីចំណេះដឹង លើការគ្រប់គ្រង ការញែកសំរាមឱ្យបានត្រឹមត្រូវ និងការថែរក្សាអនាម័យបរិស្ថាន។

ក្រៅពីភាពស្អាត លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថាកម្ពុជា បានពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូពាក់ព័ន្ធ លើការពង្រឹងច្បាប់តឹងរ៉ឹង ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារព្រៃឈើ ជំរុញការអភិវឌ្ឍជីវភាពសហគមន៍ ជំរុញការបណ្តុះ ដាំស្តាព្រៃឈើ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើនគម្របបៃតង និងកម្ពុជាឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ក្នុងជំនួបនៅថ្ងៃនេះ លោករដ្ឋមន្រ្តី បានបង្ហាញគម្រោងសហប្រតិបត្តិការលើការពង្រឹង ការអប់រំ បញ្ជ្រាបចំណេះដឹងស្តីពីការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ កាន់តែប្រសើរថែមទៀត តាមរយៈការលើកកម្ពស់ជីវភាព និងភាពធន់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសការប្រឈមនៃបាតុភូត អ៊ែលនីញ៉ូនៅពេលខាងមុខផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន បន្តពង្រីកសកម្មភាពដាំកូនឈើឡើងវិញយ៉ាងសកម្ម ដើម្បីបង្កើតគម្របបៃតង ទប់ទល់នឹងរលកកម្ដៅ និងពង្រឹងភាពជាដៃគូ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតភាពធន់ នៅចំពោះមុខវិបត្តិអាកាសធាតុនេះ៕

To Top