សេចក្តីប្រកាសព័ត៌មាន គ.ជ.ប. ស្តីពីកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រកាសផ្សព្វផ្សាយ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត ក្រោមអធិបតីភាព លោក មាន សទិ សមាជិក គ.ជ.ប ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹង ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
លោក មាន សទិ បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ មានរយៈពេល ៥៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមសាលាឃុំ សង្កាត់
និ ង ទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។ ម៉ោងធ្វើការព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច។ ក្នុងករណីមានអ្នកសុំចុះឈ្មោះបោះឆ្នោតបន្ត ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) អាចបន្ថែមម៉ោងពេល នៃការចុះឈ្មោះបោះឆ្នោ តតាមការជាក់ស្តែង។
លោក បានមានប្រសាសន៍បន្តថា ក្នុងឆ្នាំ២០២៦ នេះ កបឃ.ស ត្រូវបិទការិយាល័យ ចុះឈ្មោះបោះឆ្នោត ៤ដង ដើម្បីបើកកិច្ចប្រជុំជាមួយ ក.ច.ប ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ក្នុងករណីមានការប្រែប្រួលប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវជម្រាបជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ។ ក្នុងដំណាក់កាលនេះ ប្រជាពលរដ្ឋអាច អញ្ជើញទៅពិនិត្យមើលឈ្មោះនៅតាមឃុំ សង្កាត់ ឬតាមអាស យ ដ្ឋានវេប voterlist.nec.gov.kh ឬតាមរយៈកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។
លោក មាន សទិ មានប្រសាសន៍ អំពីនីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ និងការបញ្ជូនទិន្នន័យមក គ.ជ.ប ថា ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុ ១៨ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ (កើតមុន ឬត្រឹមថ្ងៃទី៧ខែមិថុនា ឆ្នាំ២០០៩) អ្នកដែលមិនទា ន់បា នចុះឈ្មោះបោះឆ្នោតពីមុនមក ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ត្រូវអញ្ជើញមកសុំចុះឈ្មោះបោះឆ្នោត។ ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ (អ.ខ) ទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត។
លោកបានបញ្ជាក់ថា ប្រសិនបើអាសយដ្ឋានក្នុង អ.ខ ស្ថិតនៅក្នុងឃុំ សង្កា ត់ដែលប្រជាពលរ ដ្ឋកំពុងរស់នៅ និងសុំចុះឈ្មោះ នោះក្រុមចុះឈ្មោះបោះឆ្នោត នឹងរៀបចំចុះឈ្មោះ ជូនតាមនីតិវិធីរបស់ គ.ជ.ប។ ប៉ុន្តែប្រសិនបើអាសយដ្ឋានក្នុង អ.ខ ខុសពីឃុំសង្កាត់ ដែលប្រជាពលរដ្ឋ សុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ដែលស្នើសុំចុះឈ្មោះ។ ចំពោះការធ្វើលិខិតបញ្ជាក់ទីលំនៅត្រូវធ្វើនៅឃុំ សង្កាត់ ទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ។
អំពីការកែតម្រូវទិន្នន័យជីវប្រវត្តិ ឬទិន្នន័យជីវមាត្រ លោក បានបញ្ជាក់ជូនថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ត្រូវបានអនុវត្ត សម្រាប់អ្នក មា នឈ្មោះក្នុងបញ្ជីបោះឆ្នោ ត ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលយ៉ា ងតិច១០ឆ្នាំ (ចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០១៦ និង ឆ្នាំ២០១៧) និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការឈ្លានពាន របស់ប្រទេសថៃ អាចចុះឈ្មោះនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ឬកន្លែងចាស់។ បើនៅកន្លែងថ្មីអាជ្ញាធរ នឹងជួយដោះស្រាយបញ្ហាជូន។
លោក បានបន្តទៀតថា ប្រសិនបើអ្នកសុំចុះឈ្មោះបោះឆ្នោតធ្លាប់បានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត ប្រធានក្រុមចុះឈ្មោះបោះឆ្នោត ត្រូវស្នើសុំឱ្យគាត់បង្ហាញ អ.ខ ឬ ឯ.អ ដែលបានប្រើពេលចុះឈ្មោះបោះឆ្នោតពីមុន ដែលមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ និងបង្ហាញបង្កាន់ដៃ បញ្ជាក់ការចុះឈ្មោះបោះឆ្នោត (ទ.១០២២) ប្រសិនបើមាន។
អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត លោក មាន សទិ បានគូសបញ្ជាក់ថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ាទៅក្រុមប្រឹក្សាឃុំ សង្កាត់ រួចបន្តទៅ គ.ជ.ប និង ក្រុមប្រឹ ក្សាធម្មនុញ្ញ អំពីបញ្ហាទាំងឡាយពាក់ព័ន្ធ នឹងការចុះឈ្មោះបោះឆ្នោត ប្រសិនបើ មានភស្តុតាងបញ្ជាក់ថា មានភាពមិនត្រឹមត្រូវដូចមានចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ឬច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឬ/និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឬ/និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។ យន្តការ និងសមត្ថកិច្ចក្នុងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ទាក់ទងនឹងការចុះឈ្មោះបោះ ឆ្នោតមាន ៣ថ្នាក់ គឺការដោះស្រាយពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ការដោះស្រាយពាក្យបណ្តឹងនៅថ្នាក់ គ.ជ.ប និងការដោះស្រាយពាក្យបណ្តឹង នៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។
លោក មាន សទិ ក៏បានជម្រាបជូនអំពីលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញជូ ន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលគិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ការចែកលិខិតអញ្ជើញបានចំនួន ៩,២៧០,៤៤៧ នាក់ ស្មើនឹង ៩១.២២ %។ ការចែកលិខិតអញ្ជើញតាមភូមិបា ន ចាប់ផ្តើមនៅថ្ងៃទី៧ ខែកញ្ញា ហើយបញ្ចប់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នេះ តែប្រជាពលរដ្ឋដែលមិនទាន់បានទទួលលិខិតអញ្ជើញ សូមទៅទទួលលិខិតអញ្ជើញនៅសាលាឃុំ សង្កាត់ដែលប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់នោះ។
ភាគីពាក់ព័ន្ធដែលចូលរួម ក្នុងកិច្ចប្រជុំនោះបានលើកឡើងអំពីបញ្ហានៅតាមឃុំ សង្កាត់មួយចំនួន ក្នុងការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ទាមទារឯកសារដែលផ្ទុយពីនីតិវិធីរបស់ គ.ជ.ប កំណត់។ ករណីនេះ គ.ជ.ប បានបំភ្លឺជូនវិញថា គ.ជ.ប មិនទាន់បានទទួលព័ត៌មាន ពីក្រុមប្រឹក្សាឃុំ សង្កាត់ ឬពីលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតនៅឡើយទេ ប្រសិនបើមានដូចការលើកឡើង របស់តំណាងគណបក្សនយោបាយមែននោះ គ.ជ.ប នឹងណែនាំបន្ថែមដើម្បីឱ្យអនុវត្តស្របតាមបទបញ្ជា និ ងនីតិវិធី។ ទោះជាយ៉ាងណា គ.ជ.ប ពិនិត្យឃើញថា មានតំណាងគណបក្សនយោបាយចំនួនបី បានដាក់ភា្នក់ងាររបស់ខ្លួនរួចហើយ មិនមានបញ្ហាអ្វីទេ។
ជាចុងក្រោយ តាងនាម គ.ជ.ប លោក មាន សទិ បានធ្វើការអំពាវនាវដោយអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយ លោក សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួម និងដោយការទទួលខុសត្រូវខ្ពស់ យើងនឹងទទួលបានលទ្ធផលជោគជ័យ។ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតំណាងក្រសួង ស្ថាប័ន តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានចំណាយពេលវេលា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួងព័ត៌មាន តំណាងគណបក្សនយោបាយ ចំនួន ២៦ គណបក្ស តំណាងសមាគម និងអង្គការ មិនមែនរដ្ឋាភិបាលចំនួន ៩ ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណ ១០០នាក់៕


















