Feature

ភ្ញាក់ផ្អើលពេញស្រុកម៉ាឡៃ ! ស្មានតែក្រពើ ដល់ចាប់បានទើបដឹងជា «ត្រីប្រាយក្ស» ជាង ១០០គីឡូក្រាម

បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលបានរបាយការណ៍បឋមពីប្រជាពលរដ្ឋអំពីការបារម្ភចំពោះវត្តមាន «សត្វក្រពើ» នៅក្នុងប្រឡាយទឹក ភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារផ្ទាល់ សហការជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ចុះពិនិត្យ និងអន្តរាគមន៍ភ្លាមៗ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

កិច្ចប្រតិបត្តិការស្វែងរក និងការបង់សំណាញ់ តាមបច្ចេកទេសយ៉ាងប្រុងប្រយ័ត្ន បានប្រែប្រួលស្ថានភាពពីការតក់ស្លុតទៅជាការភ្ញាក់ផ្អើល និងអបអរសាទរយ៉ាងខ្លាំង នៅពេលស្រង់ឡើងមកលើគោក ទើបដឹងថាពុំមែនជាសត្វសាហាវដូចការសង្ស័យឡើយ ប៉ុន្តែជា ត្រីប្រាយក្ស ដ៏កម្រ ដែលមានប្រវែងជាង ២ម៉ែត្រ និងទម្ងន់រហូតដល់ទៅជាង ១០០គីឡូក្រាម។

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងរៀបចំនីតិវិធី បច្ចេកទេសនាំយកត្រីប្រាយក្សប្រវត្តិសាស្ត្រនេះ ទៅប្រគល់ជូនផ្នែកជំនាញដើម្បីលែង និងថែរក្សាទុកក្នុងអាងអភិរក្សមូលដ្ឋាន ស្របតាមគោលការណ៍ អភិរក្សផលស្តុកជលផល។

ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើន ការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលទឹកជំនន់ ដោយត្រូវតាមដានកូនចៅតូចៗ និងរាយការណ៍ជាបន្ទាន់ ប្រសិនបើប្រទះឃើញសត្វកាចសាហាវ ឬបាតុភូតមិនប្រក្រតីណាមួយនៅក្នុងទឹក ដើម្បីរួមគ្នាកាត់បន្ថយហានិភ័យ និងធានាសុវត្ថិភាពបានទាន់ពេលវេលា ៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top