UNICEF ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែជិតស្និតបន្ថែមទៀត
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃ៦ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាត្តជូនលោកស្រី ម៉ាហា ដាម៉ាច (Maha Damaj) នាយិការអង្គការ UNICEF ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះលោកស្រី ដែលទទួលបានការតែងតាំង ជានាយិការអង្គការ UNICEF ប្រចាំនៅកម្ពុជា និងបានជម្រាបជូនប្រតិភូអំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យរបស់ខ្លួនគឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្នសមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយបានដាក់ចេញនូវ កម្មវិធីអាទិភាពចំនួន៥ ធ្វើឱ្យតំបន់ជនបទ មានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូល ក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។ តាមរយៈការអនុវត្តនៅកម្មវិធីអទិភាពទាំង ៥ នេះក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចបាននូវសមិទ្ធិផលជាច្រើន ជូនដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ដោយសមិទ្ធិផលទាំងនោះក៏មានការចូលរួមចំណែកពីសំណាក់ដៃគូរអភិវឌ្ឍន៍នានា ក្នុងនោះ UNICEF ក៏ជាដៃគូដ៏ជិតស្និតមួយរបស់ក្រសួងផងដែរ។
លោករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា នាពេលកន្លងមក UNICEF បានគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទទាំងធនធាន និងបច្ចេកទេសដោយផ្តោតខ្ពស់លើវិស័យទឹកស្អាត និងអនាម័យ។ ជាងនេះទៅទៀតនៅពេលកម្ពុជាកំពុងមានជម្លោះ តាមបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង UNICEF ក៏បានជួយជាសម្ភារៈប្រើប្រាស់ផ្នែកអនាម័យ ការជីកអណ្តូងស្នប់ និងការបំពាក់ភ្លើងបំភ្លឺ ជូនដល់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តចំនួន០៤ ដែលរួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងពោធិសាត់ ផងដែរ។
បន្ទាប់ពីប្រសាសន៍ស្វាគមន៍ របស់លោករដ្ឋមន្ត្រីរួមមក លោកស្រីនាយិការ បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រសាសន៍ស្វាគមន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យរបស់លោករដ្ឋមន្ត្រី ដោយតាមរយៈប្រសាសន៍ របស់លោករដ្ឋមន្ត្រី ធ្វើឱ្យលោកស្រីទទួលបានបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀត លើវិស័យអភិវឌ្ឍន៍ជនបទ នៅកម្ពុជា។
លោកស្រី ក៏សម្តែងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែជិតស្និតបន្ថែមទៀត ជាពិសេសគឺការផ្តល់ជាជំនួយបច្ចេកទេស លើបញ្ហាកត្តាការប្រែប្រួលអាកាសធាតុបាតុភូត EI Niño (អែលនីញ៉ូ) ដែលកំពុងកើតមាន និងផ្តល់ផលប៉ះពាល់ នាពេលបច្ចុប្បន្ននេះ។
មុននិងបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះលោកស្រីនាយិការ និងសហការីដែលបានអញ្ជើញមកនាពេលនេះ។ លោករដ្ឋមន្ត្រី ក៏បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះលោកស្រីនាយិការ ក្នុងការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែរឹងមាំថែមទៀត ៕






