Feature

បណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ មានភាពធន់នឹងគ្រោះមហន្តរាយ

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ តំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលរួមជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពី ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ មានភាពធន់នឹងគ្រោះមហន្តរាយក្នុងតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (Financing Disaster-Resilient Infrastructure in Asia-Pacific Economic Cooperation Region)។

រៀបចំឡើងដោយវិទ្យាស្ថានធនាគារអភិវឌ្ឍន៍ជប៉ុន (Development Bank of Japan Institute Inc.,) និងផ្តោតលើការជំរុញ ការវិនិយោគជាមុន សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (Promoting Ex-Ante Investment in Disaster Risk Reduction) និងការបន្សាំនឹងអាកាសធាតុ ដើម្បីពង្រឹងភាពធន់របស់ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមានការចូលរួមពីសំណាក់អគ្គលេខានៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក, តំណាងការិយាល័យ APEC នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន, តំណាងការិយាល័យកិច្ចការបរិស្ថានសកល, គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងស្ថាប័នស្រាវជ្រាវ នាថ្ងៃអង្គារទី៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងសិក្ខាសាលានេះ លោក Enrique Florencio អគ្គលេខាធិការ ADFIAP បានធ្វើបទបង្ហាញអំពីលទ្ធផល នៃការសិក្សាស្តីពីការជំរុញការវិនិយោគ ជាមុនលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សាំ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់។

កិច្ចពិភាក្សាបានលើកឡើងអំពីបទពិសោធន៍ល្អៗ បច្ចេកវិទ្យា យន្តការហិរញ្ញប្បទាន និងឧបសគ្គចំពោះការវិនិយោគ ព្រមទាំងតួនាទីរបស់រាជរដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ អ្នកផ្តល់បច្ចេកវិទ្យា (Technology Providers) និងវិនិយោគិន ក្នុងការកៀរគរធនធានមុនពេលគ្រោះមហន្តរាយកើតឡើង។

សិក្ខាសាលាក៏បានណែនាំអំពី ISO 37116 ដែលជាស្តង់ដារអន្តរជាតិ សម្រាប់គាំទ្រការផ្តល់ហិរញ្ញប្បទាន ដល់ការវិនិយោគជាមុន ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលធ្វើបទបង្ហាញដោយ លោក Kenji Omi, ប្រធានផ្នែកស្រាវជ្រាវ ក្រៅប្រទេស នៃវិទ្យាស្ថានធនាគារអភិវឌ្ឍន៍ជប៉ុន៕

To Top