ព័ត៌មានជាតិ

សម្តេចធិបតី៖ រាជរដ្ឋាភិបាល មិនយកប្រជាពលរដ្ឋណាម្នាក់ ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋ ដែលគ្មានដីធ្លីពិតប្រាកដ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល​ មិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋ ដែលមិនមានដីធ្លីពិតប្រាកដ ខណៈរាជរដ្ឋាភិបាល តែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្បទានសង្គមកិច្ច រួមទាំងការកសាងផ្ទះជូន ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងបន្ទាប់ពីស្ត្រីម្នាក់ ឈ្មោះ សែម សុខគា បានមកជួបក្រុមការងាររបស់ខេត្តពោធិ៍សាត់ ដើម្បីស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់ តាមការអំពាវនាវរបស់សម្តេច កាលពីពេលថ្មីៗនេះ ។

តាមរយៈបណ្តាញសង្គមនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណចំពោះស្ត្រី សែម សុខគា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវ កាលពីថ្ងៃទី១ តុលាកន្លងទៅនេះ ។

សម្តេចធិបតី បានគូសញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្បទានសង្គមកិច្ចរួមទាំងការកសាងផ្ទះជូន ដែលកន្លងមកយើង បានផ្ដល់ឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅទូទាំងប្រទេសរួចហើយ តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធី LASED, កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដែលដឹកនាំដោយលោក កែវ រតនៈ ដែលបានយកចិត្តទុកដាក់ដោះស្រាយ បញ្ហាដីធ្លីនៅតំបន់នេះ រួមទាំងការស្វែងរកដំណោះស្រាយជូនស្ត្រី សែម សុគា ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា “ថាតំបន់អន្ទង់អាំង (ឬ បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ និងទេសចរណ៍អាចទៅកំសាន្តបាន៕

To Top