សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប ៨០ឆ្នាំ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសម្ពោធអគារសិក្សាថ្មី ២ខ្នង
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មី ចំនួន ២ខ្នង និងពិធីចែកសញ្ញាបត្រដល់ និស្សិតជ័យលាភី សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ។
ឆ្នាំ២០២៦នេះ ជាខួបទី៨០ឆ្នាំនៃការបង្កើត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្រោយពីបានក្លាយជា គ្រឹះស្ថានសាធារណៈរដ្ឋបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានខិតខំប្រឹងប្រែងអភិវឌ្ឍឥតឈប់ឈរ ទាំងធនធានសាស្រ្តាចារ្យ គ្រូឧទេ្ទស អគារសិក្សា និងសម្ភារៈ បរិក្ខារសម្រាប់ការរៀន និងបង្រៀន។ ក្នុងអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព នៃការរៀន និងបង្រៀនរបស់សាកលវិទ្យាល័យ ត្រូវបានអភិវឌ្ឍឈានឡើង ជាបន្តបន្ទាប់ រួមមានជាអាទិ៍៖ ការជួសជុលកែលម្អអគារមួយចំនួន សាងសង់ថ្មីបន្ថែមនូវ អគារសិក្សាថ្មីចំនួន ៦អគារ ក្នុងនោះ អគារសិក្សាចំនួន២ នឹងត្រូវសម្ភោធនៅថ្ងៃនេះ ព្រមទាំងកំពុងសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យ អាចផ្តល់សេវា សម្រាកព្យាបាល ចំនួន ២០០គ្រែ ដែលគ្រោងនឹងចាប់ផ្តើមដំណើរ ការនៅក្នុងឆ្នាំ២០២៧។ សាកលវិទ្យាល័យ ក៏គ្រោងនឹងសាងសង់អគារសិក្សាថ្មីបន្ថែម ក្នុងឆ្នាំ២០២៧ ចំនួន ១ អគារបន្ថែមទៀត។ ទន្ទឹមនឹងនេះសាកលវិទ្យាល័យ បានបំពាក់ឧបករណ៍វេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តទំនើបៗបែបឌីជីថល សម្រាប់ការរៀននិងបង្រៀន ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ចាំបាច់ សម្រាប់ការអប់រំ ក្នុងវិស័យសុខាភិបាល ក្នុងសតវត្សទី២១ ។
គិតត្រឹមខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានគណៈគ្រប់គ្រង មន្រ្តីរាជការ បុគ្គលិកកិច្ចសន្យា សាស្ត្រាចារ្យ និងគ្រូ សរុបចំនួន ១ ៤៧៧នាក់ ( នារី ៤៧៦នាក់ ) ក្នុងនោះបានចែកចេញជា ក្រុមប្រឹក្សាភិបាល ចំនួន ៧នាក់ (ជាបុរស) គណៈគ្រប់គ្រង មន្រ្តី បុគ្គលិក សាស្ត្រាចារ្យ និងគ្រូបំពេញការងារ នៅសាកលវិទ្យាល័យ ចំនួន ៣៤១នាក់ (នារី១៨៤ នាក់) សាស្ត្រាចារ្យ គ្រូអញ្ជើញមកពីមន្ទីរពេទ្យនានា ឲ្យមកបង្រៀននៅសាកលវិទ្យាល័យ ចំនួន ចំនួន ១ ០៥៩នាក់ ( នារី ២៦០នាក់ ) និងសាស្ត្រាចារ្យជំនាញការបរទេស ចំនួន ៧០នាក់ ( នារី ៣២នាក់ ) ។ គិតចាប់ពីឆ្នាំ១៩៨០ មកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យបានផលិត ធនធានមនុស្សក្នុងវិស័យ សុខាភិបាល សរុបចំនួន ៣៤ ៦៣៣នាក់ ។ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃក្រសួងសុខាភិបាលភាគច្រើន គឺបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនេះ។
សម្រាប់និស្សិត ដែលនឹងត្រូវចូលរួម ទទួលសញ្ញាបត្រនាថ្ងៃនេះ មានចំនួន ២ ៤៤០នាក់៕
