Feature

បង្រ្កាបបទល្មើស នៅតំបន់គីរីរម្យ បាន ៤៤ករណី ចាប់ពីថ្ងៃទី១៩ សីហា ដល់ថ្ងៃទី៦ តុលា

ភ្នំពេញ ៖ មន្រ្តីឧទ្យានុរក្សប្រចាំការ នៅឧទ្យានជាតិគីរីរម្យ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាប ការបោះបង្គោលហ៊ុមពទ្ធ័លើដី ដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធ (មិនជួបម្ចាស់) អញ្ញាតជន ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គីរីរម្យ»។

មន្ត្រីឧទ្យានុរក្ស បានបង្រ្កាបការលួចដាំបង្គោលរបងចំនួន ៥៨ បង្គោល (ថ្ម ២៣ដើម) ផ្ទៃដីបោះបង្គោលហ៊ុមព័ទ្ធទំហំ ០.១៥ហិកតា ។ ក្រុមការងារកំពុងបន្តនីតិវិធី ធ្វើការស្រាវជ្រាវ រកអ្នកប្រព្រឹត្ត ដើម្បីចាត់ការតាមច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។

សូមបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សប្រចាំការនៅឧទ្យានជាតិគីរីរម្យ បានសហការជាមួយរដ្ឋបាលមូលដ្ឋាន សមត្ថកិច្ចគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ សរុប ៤៤ករណី ក្នុងនោះរួមមាន៖

១-បោះបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ ១៩.៣៥ហិកតា ចំនួន ៣២ករណី។

២-កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធ ដកហូតផ្ទៃដីទំហំប្រមាណ ២.៥១ហិកតា ចំនួន ៥ករណី។

៣-ចាប់ដោយដាក់អន្ទាក់សត្វព្រៃ ដកហូតអន្ទាក់ ចំនួន១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន ១ករណី។

៤-កាប់រំលំ បំផ្លាញព្រៃឈើ ដកហូតឈើប្រភេទលេខ២(ស្រល់) ៦ដើម ចំនួន ២ករណី។

៥-ការរុករាន ទន្ទ្រានដី សង់រោង យកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ចំនួន ៣ករណី៕

To Top