អត្ថបទអត្ថាធិប្បាយ៖ កាលណាភពផែនដី កាន់តែក្តៅ ទីក្រុងដូចជាបាងកកអាចប្រឈម នឹងការជន់លិចដោយទឹកជំនន់ កាន់តែសាហាវ
ទីក្រុងម៉ែលប៊ន ៖ នៅតំបន់ត្រូពិកសើមនៃអាស៊ីអាគ្នេយ៍ ព្យុះផ្គររន្ទះនៅពេលរសៀល តែងតែកើតឡើងស្ទើរតែរាល់ថ្ងៃ ដែលពពកប្រភេទ Cumulonimbus ដ៏ក្រាស់បានប្រមូលផ្តុំកម្តៅពេលថ្ងៃ រួចបង្អុរជាភ្លៀងធ្លាក់យ៉ាងជោកជាំ លើបណ្តាទីក្រុងធំៗដូចជា សិង្ហបុរី ហុងកុង និងបាងកក។ ទីក្រុងទាំងនេះសុទ្ធតែមានប្រព័ន្ធលូបង្ហូរ ទឹកដែលត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លី។ ប៉ុន្តែ របបទឹកភ្លៀងនៅទីក្រុងបាងកក កាលពីសប្តាហ៍មុន គឺមិនមែនជារឿងធម្មតានោះឡើយ នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
ជាទូទៅ ខែកញ្ញា គឺជាខែដែលសើម ជោកជាំជាងគេប្រចាំឆ្នាំនៅរាជធានីនៃប្រទេសថៃ ដោយកម្រិតទឹកភ្លៀងជាមធ្យម មានចំនួន ៣៤៤ មីលីម៉ែត្រ ចែករំលែកក្នុងរយៈពេល ១៨ ថ្ងៃនៃថ្ងៃភ្លៀង។ ផ្ទុយទៅវិញ ត្រឹមតែរយៈពេល ៤៨ ម៉ោងកាលពីសប្តាហ៍មុន ទឹកភ្លៀងប្រមាណ ៣០០ មីលីម៉ែត្រ បានធ្លាក់ស្រោចស្រពលើទីក្រុងបាងកក ដែលបានជន់លិចលើសពីសមត្ថភាពផ្ទុកនៃប្រព័ន្ធរំដោះទឹករបស់ទីក្រុងទាំងស្រុង។

បរិមាណទឹកដ៏ច្រើនលើសលប់នេះ បានបង្ខំឱ្យអាជ្ញាធរប្រកាសទីក្រុងទាំងមូលជា «តំបន់គ្រោះមហន្តរាយ» ខណៈដែលទឹកកខ្វក់ពណ៌ត្នោតបានជន់លិចទីក្រុង បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣១ នាក់បានស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញពីលំនៅឋាន។
ភ្លៀងធ្លាក់យ៉ាងគំហុក និងធ្ងន់ធ្ងរនេះ កើតឡើងដោយសារប្រព័ន្ធសម្ពាធទាប (Low-pressure system) មួយបានស្ថិតនៅទ្រឹងពីលើតំបន់ទីក្រុងបាងកកអស់រយៈពេលប្រមាណ ៣ ថ្ងៃ។ នៅក្នុងប្រព័ន្ធសម្ពាធទាប ខ្យល់ក្តៅនឹងហក់ឡើងលើ ហើយសំណើមក្នុងខ្យល់បានកកផ្តុំបង្កើតជាពពក និងភ្លៀង។ នៅពេលដែលប្រព័ន្ធសម្ពាធទាបនេះនៅទ្រឹងមួយកន្លែង វាអាចបង្អុរទឹកភ្លៀងលើទីតាំងដដែលៗជាច្រើនថ្ងៃជាប់គ្នា ដែលបង្កឱ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។
លើសពីនេះ នៅតំបន់ឈូងសមុទ្រថៃដែលស្ថិតនៅក្បែរនោះ សីតុណ្ហភាពលើផ្ទៃទឹកសមុទ្របានឡើងជិតដល់ ៣០ អង្សាសេ ដែលខ្ពស់ជាងកម្រិតមធ្យមក្នុងតំបន់ជាច្រើនអង្សា។ លក្ខខណ្ឌសីតុណ្ហភាពក្តៅបែបនេះ បានផ្តល់នូវសំណើម និងថាមពលយ៉ាងបរិបូរណ៍សម្រាប់ចិញ្ចឹមព្យុះឱ្យបន្តអូសបន្លាយកាន់តែយូរ។
ប្រទេសថៃមិនមែនជាប្រទេសចម្លែកចំពោះគ្រោះទឹកជំនន់នោះទេ ជាក់ស្តែងកាលពីឆ្នាំ ២០១១ មនុស្សជាង ៨០០ នាក់បានស្លាប់ នៅពេលដែលភ្លៀងធ្លាក់ខ្លាំង ព្យុះត្រូពិកជាច្រើន នីវ៉ូទឹកសមុទ្រឡើងខ្ពស់ និងរដូវខ្យល់មូសុងចាប់ផ្តើមលឿនជាងធម្មតា បានជួបប្រទះគ្នាក្នុងពេលតែមួយ បង្កជាទឹកជំនន់ទ្រង់ទ្រាយធំអូសបន្លាយរាប់ខែ។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោក (World Bank) ទឹកជំនន់កាលនោះបានខូចខាតប្រមាណ ៤៦,៥ ពាន់លានដុល្លារអាមេរិក ដោយវិស័យផលិតកម្មក្នុងស្រុករងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
បច្ចុប្បន្ន ទីក្រុងបាងកកកំពុងប្រឈមមុខនឹងកត្តាងាយរងគ្រោះសំខាន់ៗចំនួន ៣ ទីតាំងភូមិសាស្ត្រទំនាប ទីក្រុងបាងកកស្ថិតនៅលើតំបន់ទំនាបលិចទឹក ក្បែរមាត់ទន្លេចៅប្រាយ៉ា (Chao Phraya) ដែលហូរចូលទៅក្នុងឈូងសមុទ្រថៃ។ ទីក្រុងនេះមានដីរាបស្មើ ដោយពុំមានទម្រង់ដីខ្ពស់ទាបធម្មជាតិ ដើម្បីជួយពន្យឺត ឬបង្វែរទិសដៅនៃបរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់នោះឡើយ។
បញ្ហាដីស្រុតចុះជាបន្តបន្ទាប់ ការបូមទឹកក្រោមដីទ្រង់ទ្រាយធំកាលពីពាក់កណ្តាលសតវត្សរ៍ទី ២០ បានបណ្តាលឱ្យដីក្រោមទីក្រុងបាងកកស្រុតចុះជាលំដាប់ ដោយធ្លាប់ស្រុតចុះលើសពី ១០ សង់ទីម៉ែត្រត្រឹមតែក្នុងឆ្នាំ ១៩៨៨ តែមួយឆ្នាំប៉ុណ្ណោះ។ ទោះបីជាការកែទម្រង់គោលនយោបាយដូចជា ការកំណត់តម្លៃទឹកក្រោមដី និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង បានកាត់បន្ថយអត្រានៃការស្រុតចុះមកត្រឹម ២ ទៅ ៣ សង់ទីម៉ែត្រក្នុងមួយឆ្នាំក៏ដោយ ប៉ុន្តែនៅពេលដែលកម្ពស់ទឹកសមុទ្របន្តកើនឡើង ទីក្រុងជាប់ឆ្នេរសមុទ្រដែលកំពុងស្រុតមួយនេះ កាន់តែពិបាកក្នុងការរំដោះទឹកជំនន់ចូលទៅក្នុងឈូងសមុទ្រថៃ ដែលបង្កើនហានិភ័យនៃទឹកជំនន់រ៉ាំរ៉ៃកាន់តែខ្ពស់។
នគរូបនីយកម្មយ៉ាងគំហុក ទីក្រុងបាងកកបានប្រែក្លាយយ៉ាងលឿន ទៅជាទីក្រុងទំនើប ដែលពោរពេញដោយ អគារខ្ពស់កប់ពពក និងកំណើនប្រជាជនយ៉ាងឆាប់រហ័ស។ ផ្លូវបេតុងបានចូលមកជំនួសដីធម្មជាតិ នៅស្ទើរតែទូទាំងទីក្រុង ដែលធ្វើឱ្យសមត្ថភាពស្រូបទឹក របស់ដីធ្លាក់ចុះនៅពេលមានភ្លៀងធ្លាក់។ ការអភិវឌ្ឍទីក្រុងក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យបរិមាណទឹកហូរ លើផ្ទៃកើនឡើងដល់ទៅ ២៥% ក្នុងកំឡុងពេលមានភ្លៀង ធ្លាក់ខ្លាំងខ្លាំងមិនប្រក្រតី។
ប្រែសម្រួល៖ គីរី
