Feature

អភិបាលស្រុកស្ទោង ដឹកនាំសហការីចូលរួមកាន់បិណ្ឌជាមួយពលរដ្ឋ ដើម្បីឧទ្ទិសកុសលដល់ញាតិកា ទាំង៧សណ្តាន និងវីរៈកងទ័ពពលី !

កំពង់ធំះ លោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង បានដឹកនាំមន្ត្រីរាជការ បុគ្គលិកប្រតិបត្តិការ និងសហការី ចុះចូលរួមក្នុងពិធីកាន់បិណ្ឌ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ ដើម្បីចូលរួមចំណែកថែរក្សា និងលើកស្ទួយប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នៅវត្តព្រំសត្ថារាម ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

ពិធីនេះត្រូវបានរៀបចំឡើង យ៉ាងអធិកអធម និងពេញដោយសទ្ធាជ្រះថ្លា ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ព និងយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានពលីជីវិតយ៉ាងក្លាហានដើម្បីការពារបូរណភាពទឹកដី និងសន្តិភាពនៃមាតុភូមិ។

សកម្មភាពនៃការចូលរួមយ៉ាងជិតស្និទ្ធនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំស្រុក ក្នុងនាមជាពុទ្ធសាសនិកជនដ៏គំរូ ចំពោះព្រះរាជពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំ និងមានអត្ថន័យជ្រាលជ្រៅបំផុតរបស់ជាតិខ្មែរ។

នៅក្នុងឱកាសនោះផងដែរ លោកអភិបាលស្រុក បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តរួមជាកម្លាំងសាមគ្គី និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកបានគូសបញ្ជាក់ថា កិច្ចសហការរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ គឺជាកត្តាលីករយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជាគ្រឹះយ៉ាងរឹងមាំក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងភូមិ-ឃុំរបស់ខ្លួនឱ្យមានការរីកចម្រើនជាលំដាប់ និងប្រកបដោយចីរភាព។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីសូត្រមន្តវេនបិណ្ឌ១១ ក្នុងឱកាសនោះលោកអភិបាលស្រុកបានប្រគេននូវ ទេយ្យទាន បច្ច័យដល់ព្រះសង្ឃ បច្ច័យសម្រាប់កសាង និងបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ និងចែកទានដល់ប្រជាពលរដ្ឋ និងកុមារដែលបានអញ្ជើញនៅក្នុងកម្មវិធីនេះ ព្រមមទាំងឧបត្ថម្ភដល់កងកម្លាំង និងប្រជាការពារសរុបទឹកប្រាក់ចំនួន ៤.៩៦០.០០០រៀលផងដែរ៕ដោយសំនៀង

To Top