Feature

កម្ពុជា-អារ៉ាប៊ីសាអូឌីត ​ជំរុញការបង្កើតជើងហោះហើរត្រង់​ ដើម្បីបង្កើនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ រវាងប្រទេសទាំងពីរ

ភ្នំពេញ៖​​ តាមរយៈក្រសួងទេសចរណ៍កម្ពុជា និងឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត​ប្រចាំកម្ពុជា បានសហការរួមគ្នា​ ជំរុញការបង្កើតជើងហោះហើរត្រង់ ដើម្បីបង្កើនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរជាតិ និងអន្តរជាតិរវាងប្រទេសទាំងពីរ ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Thamer Mohammed A Algosaibi ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅរដ្ឋធានីហាណូយ និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ វិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ នាទីស្តីការក្រសួងទេសចរណ៍ ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានអបអរសាទរ ចំពោះការតែងតាំងជាឯកអគ្គរាជទូតថ្មី ព្រមទាំងបានថ្លែងអំណរគុណ ចំពោះព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានបន្តផ្តល់កិច្ចសហប្រតិបត្តិការ ដល់កម្ពុជា លើវិស័យជាច្រើន និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ជាង១៦ឆ្នាំមកហើយ។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយភាគីអារ៉ាប៊ីសាអូឌីត ជាពិសេសលើវិស័យទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ទន្ទឹមនេះដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយរបស់កម្ពុជា និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ជាតិ ព្រមទាំងបានបញ្ជាក់ថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេច ក្នុងការស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទីផ្សារ។ ក្នុងនោះ កម្ពុជា កំពុងជំរុញយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សូមស្វាគមន៍ដោយភាពកក់ក្តៅ» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដើម្បីទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ជាពិសេសគឺភ្ញៀវទេសចរ ពីតំបន់មជ្ឈិមបូព៌ា។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានបញ្ជាក់ពីការប្តេជ្ញា ជំរុញការបង្កើតកិច្ចសហការ ​ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា និងជាក់ស្តែងបន្ថែមទៀត។​

តាមការរយៈការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជំរៅ គូភាគី បានឯកភាពពិនិត្យក្នុងការពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ និងការសម្របសម្រួលរៀបចំ ដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាតាមបណ្តាញសង្គម និងអ្នកសារព័ត៌មាន នៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ របស់គ្នាទៅវិញទៅមក និងបង្កើនការផ្សព្វផ្សាយ គោលដៅទេសចរណ៍ ព្រមទាំងការជំរុញការវិនិយោគ និងការធ្វើទីផ្សារ និងផ្សព្វផ្សាយរួម លើទេសចរណ៍មូស្លីម។ ចំណុចសំខាន់ផងដែរ គូភាពី និងសហការរួមគ្នា ជំរុញក្រុមហ៊ុនអាកាសចរណ៍ Saudia Airlines ឱ្យពិនិត្យលទ្ធភាពបង្កើត ជើងហោះហើរត្រង់ និងទៀងទាត់ រវាងកម្ពុជា និងទីក្រុងរីយ៉ាដ៕

To Top