សម្តេចធិបតី អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីជាង២ពាន់អង្គ/នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត ជ័យលាភី ចំនួន ២.០០១អង្គ/នាក់ (នារី ១.២៥១នាក់) ទាំងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបរិញ្ញាបត្រ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តបាត់ដំបង។
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលមានទីតាំងគោលនៅទីរួមខេត្តបាត់ដំបង ជាស្ថាប័នឯកជនដំបូងគេបង្អស់ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងចំណោមប្រទេសអាស៊ាន ដែលបានទទួលគម្រោង SATREPS ពី JICA និងJST របស់រដ្ឋាភិបាលជប៉ុន ដើម្បីបង្កើតភាពជាដៃគូ យុទ្ធសាស្ត្រ ជាមួយសាកលវិទ្យាល័យ Ishikawa ជប៉ុន ធ្វើការស្រាវជ្រាវក្នុងវិស័យកសិកម្ម ផ្តោតទៅលើការបង្កើន ផលិតភាពរបស់កសិករ ក្នុងផលិតកម្មស្រូវ និងកាត់បន្ថយចំណាយផលិតកម្ម។ គម្រោង SATREPS នេះ ផ្តោតទៅលើការស្រាវជ្រាវខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបបង្កើតនវានុវត្តបច្ចេកវិទ្យា ។
បច្ចុប្បន្ន សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ សរុបចំនួន ១៦៩នាក់(នារី ៣៩នាក់), មាននិស្សិតកំពុងសិក្សា ចំនួន ២.២៩៥នាក់ ( នារី ១.៣៩៩នាក់) ក្នុងនោះ និស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១៧០នាក់ (នារី ១០៧នាក់) ។ និស្សិតជ័យលាភី ត្រូវទទួលសញ្ញាបត្រ មានចំនួន ២.០០១នាក់ ( នារី ១.២៥១នាក់)៕
